ល្ខោននិយាយ «ផ្ទះកសិដ្ឋានធម្មជាតិ» លើកទឹកចិត្តយុវជនដើរចេញពីបញ្ហានៃសម្ពាធផ្លូវចិត្ត


ល្ខោននិយាយ «ផ្ទះកសិដ្ឋានធម្មជាតិ» លើកទឹកចិត្តយុវជនដើរចេញពីបញ្ហានៃសម្ពាធផ្លូវចិត្ត

ល្ខោននិយាយ «ផ្ទះកសិដ្ឋានធម្មជាតិ» ជាសាច់រឿងឆ្លុះបញ្ចាំងពីសម្ពាធរបស់យុវជនកំពុងជួបប្រទះ ក្នុងសង្គមបច្ចុប្បន្ន ដែលបានផុងខ្លួនធ្លាក់ចូលទៅក្នុងអន្ទាក់នៃបញ្ហាដោយមិនដឹងខ្លួន។

ឆាកល្ខោននេះ​ បានផ្ដោតសំខាន់​ពីជីវិតរបស់យុវត្តីមួយរូប​​ ដែលបាន​ខិតខំព្យាយាម ធ្វើការងារ​យ៉ាងសកម្ម​នៅ​ទីក្រុង ​រហូតដល់ធ្លាក់ចូលទៅ​ក្នុងស្ថានភាពមួយ​ ដែល​មើលរំលងពីតម្លៃនៃ​ទំនាក់ទំនង​ទៅកាន់សង្គមខាងក្រៅ។ 

ហើយ​ការ​ប្រឹងប្រែងដែលមិនអាចដើរទៅដល់ក្តីស្រមៃ បូកផ្សំនឺងសម្ពាធជុំវិញខ្លួន បានធ្វើឱ្យយុវត្តីរូបនេះ  ឈានដល់ដំណាក់កាលនៃការ​ធ្លាក់ចូលក្នុងវដ្តដ៏អាក្រក់នៃការធ្លាក់ទឹកចិត្ត​។


ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ សត្វចិញ្ចឹមដ៏ឈ្លាសវៃទាំង៣​ក្បាល របស់នាងនៅកសិដ្ឋាន​ឯស្រុកកំណើត បានព្យាយាមជួយសង្គ្រោះនាង។ សត្វ​ទាំង​បី​នេះ ​បានប្រើគ្រប់វិធីសាស្ត្រដើម្បីព្យាយាម​ជួយ​ម្ចាស់​របស់​ខ្លួន​ ឱ្យរួច​ផុតពីភាពសោកសៅ និងចំណោទបញ្ហានេះ។


តើ​ពួក​គេ​ទាំង​បី​អាច​ជួយ​នាង​បាន​ដែរ​ទេ? ខណៈ​ពេល​ដែល​អ្នក​នៅ​ជុំវិញ​ពួក​គេ​គិត​ថា ​ពួក​គេ​ត្រឹមតែ​ ជា​សត្វគ្មានសតិបញ្ញា ​ដែល​មិន​យល់​ពី​សង្គម ថែមទាំង​មិន​ចេះ​ពី​របៀប​គ្រប់គ្រង​ស្ថានការណ៍​ផងនោះ។

ឈ្វេងយល់​ពី​ចំណុច​សំខាន់ៗនៃ​ដំណើរការ​សម្ដែង និង​លក្ខណៈ​ពិសេស​ផ្សេងៗនៃ​សាច់រឿង​និពន្ធ​ថ្មី​របស់ អ្នកស្រី ជា សុខ​យូ អ្នកនិពន្ធ​ល្ខោននិយាយ​ឯករាជ្យ និងជាអ្នកនិពន្ធ និង​អ្នកដឹកនាំ​ភាពយន្តឆ្នើមមួយរូប ​ដែល​ទទួល​បាន​មូលនិធិតម្លើងស្នាដៃ​ពីអង្គការ​សិល្បៈ​ខ្មែរ​អមតៈសម្រាប់​ឆ្នាំ ២០២២ ថ្មីៗ កន្លងមកនេះ។ ជាពិសេស សម្ធិផលនេះបាន ​បំផុសនូវការ​អប់រំ ការ​លើកទឹកចិត្ត ផ្អែក​ទៅ​បញ្ហា​ដែល​មនុស្សភាគច្រើនកំពុងជួបប្រទះ។


១. តើ​អ្វី​ជា​ការ​បំផុស​គំនិត​របស់​អ្នក ​នៅ​ពីក្រោយ​រឿង​នេះ?


ខ្ញុំ​បាន​ចាប់ផ្ដើម​ច្នៃ​រឿង​នេះ​ឡើងដោយមើលឃើញពី ទំនាក់ទំនងរវាងសម័យកាលនៃ​​បច្ចេកវិទ្យាទំនើប ពេលបច្ចុប្បន្ននេះ និងស្ថានភាពផ្លូវចិត្តរបស់មនុស្ស។ ចំពោះ​ខ្ញុំ កុមារភាព​មានការ​ចងចាំ​នូវ​អនុស្សាវរីយ​សប្បាយ​ច្រើន ជាពិសេស​ទំនាក់ទំនងសិទ្ធ​ស្នាល​រវាង​មនុស្ស​និង មនុស្ស​​ ដែល​អវត្តមាននៅ​សង្គមសព្វ​ថ្ងៃ។ យើង​ខ្វះ​អ្នក​និយាយ​គ្នា អ្នក​យល់ចិត្ត និង​មាន​ភាព​ឯកោ​ច្រើន គួបផ្សំ​ជាមួយ​ឆាកល្ខោនជីវិតនៅតាមបណ្តាញ​សង្គម 

​ដែល​ពិបាក​បែកចែក​អ្វី​គួរ​ជឿ​ឬមិន​គួរ​ជៀ ជាហេតុ​ប្រសិនបើ​យើង​ភ្លេចខ្លួន​ គ្មាន​ការពិចារណា ​នឹងអាច​នាំ​ឱ្យ​បាត់បង់​នូវ​លំនឹង​ផ្លូវចិត្ត។


២. ហេតុអ្វីបានជា​អ្នក​ជ្រើស​យក​តួអង្គ​សត្វ មក​សម្ដែង​ក្នុង​រឿង​មួយ​នេះ?


ខ្ញុំ​ជ្រើស​យក​តួអង្គ​សត្វ មក​សម្ដែង​ព្រោះ​សត្វ​រស់នៅ​ក្នុង​ពិភព​ខុសគ្នា​ពី​មនុស្ស ដូ​ច្នេះ​គាត់​អាច​មើល​ឃើញ​ពីក្រៅ​ឆាក ច្បាស់​ជាង​មនុស្សផ្ទាល់ដែលកំពុង​​ស្ថិតនៅ​ក្នុង​ឆាកផ្ទាល់​។ មានន័យថា ពេលមនុស្ស​កំពុង​ស៊ប់​ជាមួយ​នឹង​បញ្ហាហើយ យើង​មិន​អាច​ដក​ខ្លួន​ចេញ​មក​ក្រៅ​ដើម្បី​វិភាគឱ្យបានគ្រប់ជ្រុងជ្រោយ​បានទេ។ ម៉្យាងទៀត ការ​យក​តួអង្គ​សត្វ​នេះ នឹង​បង្កើត​ឱ្យ​មានឱកាស​ច្រើន ​ដើម្បី​បង្កើត​ជាទម្រង់​សិល្បៈ​មួយ ដែលមានភាពកំប្លុក​កំប្លែង ហើយ​យើង​ចង់​ឱ្យ​អ្នកទស្សនា​សប្បាយរីករាយ និងពេញចិត្តនៅពេល​ដែល​​អាច​បាន​ស្វែងយល់ ​ពី​សារ​អប់រំ​ដោយខ្លួនឯង។


៣. តើ​អ្វី​ជា​លក្ខណៈ​ពិសេស​នៃ​សាច់រឿង​នេះ ហើយ​វា​បាន​បង្កប់​តម្លៃ​អប់រំ​ដូចម្ដេច​ខ្លះ?


ភាគច្រើន​ខ្ញុំ​ផ្ដោត​លើសតិ​បញ្ញា គឺ​យើង​រស់នៅ​ក្នុង​ពិភព​មួយ​ធំ​អ្វី​ក៏​មាន តែ​អាស្រ័យ​លើ​យើង​ត្រូវ​ជ្រើស​យក​អ្វី​មក​ដាក់​ក្នុង​ជីវិត។ យើង​ត្រូវ​ចេះ​ច្រោះយកអ្វី ​ដែល​មានគុណ​ភាព និងមានប្រយោជន៍​​មក​បញ្ចូល​ក្នុង​ជីវិត​។ មិនមែន​អ្នកដទៃ​ឱ្យ​អ្វី​ ចេះតែ​ទទួល​នោះ​ទេ ព្រោះនៅទីបំផុត​វាធ្វើ​ឱ្យ​យើង​បាត់បង់​លំនឹងនៃ​ការរស់នៅ ជាពិសេស​លំនឹង​ផ្លូវចិត្ត ដែលអាច​​ប៉ះពាល់​ដល់​សេចក្ដី​សុខ​ផ្លូវចិត្ត​របស់​យើង។ 


៤. តើ​អ្នក​ជួបប្រទះ​បញ្ហា​ប្រឈម​អ្វីខ្លះ ក្នុង​ការផលិត​ស្នាដៃ​មួយ​នេះ?


ចំពោះ​ឧបសគ្គ​ដំបូង គឺ​បញ្ហាថវិកា ក្នុងការរៀបចំ និង​តម្លើង​រឿង​ជា​ឆាកល្ខោន​និយាយ ដែលយើងត្រូវរង់ចាំ និងទុកចោលការងារនេះស្ទើរតែជិតមួយឆ្នាំ ដើម្បីបង្កើតជារូបរាង។ ពេល​មានឱកាស​ថ្មី ទើប​យើង​យក​មក​កែសម្រួល ​រឿង​នេះ​ឱ្យ​ត្រូវ​នឹង​ប្រធានបទ​របស់​រដូវ​​វប្បធម៌ «ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក»។ នៅ​ពេល​ធ្វើ គឺ​ចង់​ឱ្យ​កាន់តែ​អស្ចារ្យ កាន់តែ​ល្អ ប៉ុន្តែដោយ​ថវិកា​មាន​កំណត់ វាជាបញ្ហាចម្បងមួយ។ ហើយ​ពេលខ្លះ ​ក្រុមការងារ​រវល់ ​មិន​មាន​ពេល​ចូលរួម។ ប៉ុន្តែ​យើង​បាន​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ ហើយ​សំខាន់​បំផុត​នោះគឺ យើង​ស្រឡាញ់​គម្រោង​នេះ និង​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​ចេញ​ជា​ផ្លែផ្កា។


៥. តើ​សាច់រឿង​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ប្រធានបទ «ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក» ដូចម្ដេច​ដែរ?


តួអង្គ​ឯក​​បាន​យក​សម្ពាធ​មក​ដាក់ខ្លួន តាមរយៈពាក្យសម្តីរបស់​អ្នកដទៃ​។  ជាពិសេសការប្រៀបធៀប​ខ្លួនជាមួយអ្នកដទៃ ដែលជាទង្វើមួយអាចញាំងឱ្យសតិបញ្ញា​របស់​គាត់​ខ្វះ​ការគ្រប់គ្រង និង​ខ្វះ​ការបែងចែកអ្វីជាកាពិតនៅចំពោះមុខ។ ជាហេតុ ធ្វើ​ឱ្យ​គាត់​បាត់បង់​លំ​នឹង​ភ្លាមៗ ហើយ​ខ្លួន​គាត់​ផ្ទាល់​ជា​អ្នកទទួល​បន្ទុក​មុនគេ។ ទម្លាប់នៃការបម្លែងការគិត ទៅជាការពិត អាចបំផ្លាញសេចក្តីសុខផ្លូវកាយ និងផ្លួវចិត្តរបស់អ្នក។


៦. តើ​អ្នក​គិត​ថា​ការសម្ដែង​នេះ នឹង​ផ្ដល់​បទពិសោធន៍​យ៉ាងដូចម្ដេច​ចំពោះ​អ្នកទស្សនា?


ខ្ញុំ​ចង់​ឱ្យ​អ្នកទស្សនា​មាន​ភាព​សប្បាយ​រី​រាយ ចង់​ឱ្យ​គាត់​ស្គាល់​ពី​ទម្រង់​ល្ខោននិយាយ។​ មួយទៀត​ចង់​ឱ្យ​គាត់ ​សម្រាក​បន្តិច​យក​មក​គិតពីតម្លៃនៃធម្មជាតិនៅក្នុងជីវិតរបស់យើង ហើយមនុស្សម្នាក់ៗគួរតែចូលរួមថែរក្សា និងការពារធនធានធម្មជាតិ។ ជាក់ស្តែង ​កសិដ្ឋាន​ធម្មជាតិនៅឯ​ផ្ទះស្រុកកំណើត​របស់​គាត់​ដែល​មាន​សត្វ មាន​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន ប្រៀបដូចជាការព្យាបាលផ្លូវចិត្តតាមបែបធម្មជាតិមួយដូច្នេះដែរ។ មួយវិញទៀត ខ្ញុំចង់ឱ្យ​មានឱកាស​ច្រើនទៀត ក្នុងការយក​ល្ខោន​បែបនេះ​ទៅ​សម្ដែង ឱ្យ​យុវជន និង​ប្រជាជន​ខ្មែរ​ចូលរួម​ទស្សនា​បាន​ច្រើន ដើម្បី​ស្គាល់ និង​ទទួល​បាន​ភាព​រីករាយ​ជាមួយ​ល្ខោននិយាយ​នេះ​៕


Comments