ការជីកកកាយស្នាដៃរបស់វីរជនសិល្បៈ

 

ការជីកកកាយស្នាដៃរបស់វីរជនសិល្បៈ

ដោយ ជា សំអៀង

ឈ្វេងយល់ពីវីរជនសិល្បៈលាក់មុខជាច្រើនរូបមកពី២៥ខេត្តក្រុង ដែលមានស្នាដៃ និងសមត្ថភាពដ៏បុិនប្រសប់ ក្នុងការរំលេច និងលើកស្ទួយការងារសិល្បៈនិងវប្បធម៌ នៅក្នុងប្រទេសកម្ពុជា តាមរយៈ រដូវវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ពីអង្គការសិល្បៈ​ខ្មែរអមតៈ


ជាថ្មីម្តងទៀត​​​ ពិព័រណ៍​និងសិក្ខាសាលា​​ «វីរជនសិល្បៈ​ និង​កត្តាញ៉ាំងចិត្ត»​​​​ នឹងត្រូវដាក់បង្ហាញ​ នៅក្នុងកម្មវិធី រដូវវប្បធម៌​ឆ្នាំ​ ២០២២ ក្រោមប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ​​របស់​អង្គការ​សិល្បៈខ្មែរអមតៈ នៅក្នុងខេត្តកំពង់​ធំ​ នាចុងខែឧសភានេះ។ 


នោះ​គឺ​ជា​ការរំលេច​ស្នាដៃ​និង​សមត្ថភាព​ដ៏ប៉ិនប្រសប់​របស់​វីវជន​សិល្បៈ​​ និង​វប្បធម៌​ មកពី​២៥ខេត្ត​ ក្រុង ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ក្នុង​គម្រោង​ស្រាវជ្រាវ​មួយ​កាលពី​ឆ្នាំ២០១៩ ដើម្បីស្វែងរកវីរជនសិល្បៈ ដែលបានរស់រានមានជីវិត ក្រោយការដួលរលំនៃរបបខ្មែរក្រហម។ 


គួរបញ្ជាក់ផងដែរថា ពិព័រណ៍ និងសិក្ខាសាលាពីវីរជនសិល្បៈនេះ ត្រូវបាន​ដាក់​តាំង​បង្ហាញ​ម្តង​រួច​ហើយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ជាផ្នែកមួយ​នៃ​មហោស្រពសិល្បៈ​ដើម្បី​សន្តិភាព​ឆ្នាំ​២០១៩  ក្នុងគោលបំណងឲ្យនិស្សិតជាយុវជនបានស្គាល់ និងឈ្វេងយល់បន្ថែម អំពីគុណតម្លៃនៃសិល្បៈ និងដំណើរជីវិតរបស់វីរជនសិល្បៈទាំងនោះ ដែលចំណាយពេលស្ទើរពេញមួយជីវិតដើម្បីសិល្បៈ។ 


យោងតាម​លោក អាន​​ រស្មី​ ​ជា​អ្នកដឹកនាំ​និងសម្របសម្រួលសិក្ខាសាលាស្រាវជ្រាវ នៃ​គម្រោងវីរជនសិល្បៈ ​បានឲ្យដឹងថា អ្នកស្រាវជ្រាវទាំង៩រូបមកពីស្ថាប័នផ្សេងៗគ្នា រួមទាំងលោកផងដែរ បានចំណាយពេលអស់៦ខែ ក្នុងការសិក្សាឈ្វេងយល់ពីគុណតម្លៃ ​​នៃវីរជនសិល្បៈ ដែលភាគច្រើនមិនសូវមានគេស្គាល់ និងត្រូវបានគេមើលរំលងនេះ។ 


លោកបញ្ជាក់ថា នោះគឺជាការតបស្នងដ៏មានតម្លៃ សម្រាប់ការខិតខំប្រឹងប្រែង ការលះបង់ទាំងកម្លាំងកាយចិត្ត របស់ពួកគាត់ ក្នុងការថែរក្សាសិល្បៈ និងវប្បធម៌ នៅតាមតំបន់នីមួយៗ។ លោក រស្មី​ បានប្រដូច​កម្មវិធីនេះ ទៅនឹងការគាស់រំលើងឡើងវិញនូវស្នាដៃសំខាន់ៗ ដែលបានកប់ជ្រៅ ហើយស្ទើរនឹងបាត់បង់ទៅហើយ នៅតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស និងចូលរួមលើកកម្ពស់ក្នុងការ ថែរក្សានូវមរតកមនុស្សរស់ផងដែរ។


លោកអាន រស្មី មានប្រសាសន៍ថា«ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ ដែលមានឱកាសចុះស្រាវជ្រាវសម្រាប់គម្រោងនេះ»។ គម្រោងនេះបានជួយពង្រីកការយល់ដឹង អំពីដំណើរនៃការស្រាវជ្រាវ ការគ្រប់គ្រងក្រុម ក៏ដូចជាស្វែងយល់ពីសាច់រឿងរបស់វីរជនសិល្បៈទាំងនោះ តាមរយៈបទសម្ភាសន៍ជាមួយពួកគាត់ ទាំង២៥រូបនោះរួមមានព្រះសង្ឃ ស្រ្តី និងជនជាតិដើមផងដែរ។ 

តាមរយៈការរៀបចំរបស់អង្គការសិល្បៈ​ខ្មែរអមតៈ សម្រាប់រដូវវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ការតាំងពិព័រណ៍វីរជនសិល្បៈនេះ នឹងប្រព្រឹត្តឡើងសារជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងវត្តបន្ទាយចាស់​ ភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ដោយឡែក កម្មវិធីនេះនឹងមានសិក្ខាសាលា «វីរជនសិល្បៈលាក់មុខ» នៅថ្ងៃទី ២១ ឧសភា ដែលវីរជនសិល្បៈ សិល្បៈប្រចាំខេត្តកំពង់ធំនឹងចូលរួមជាមួយសិក្សានុសិស្សផងដែរ។ 

  

អតីតនិស្សិតបូរាណវិទ្យារូបនេះ លោករស្មី ក៏បានបញ្ជាក់ផងដែរថា៖ «នៅក្នុងការតាំងពិព័រណ៍នោះ យើងបង្ហាញរូបថតគាត់[វីរជនសិល្បៈ] ហើយយើងក៏បានធ្វើបទសម្ភាសន៍ អំពីខ្សែជីវិតរបស់ពួកគាត់ អំពីដំណើរសាច់រឿងពួកគាត់ មុនពេលខ្មែរក្រហមចូល ក្នុងអំឡុងខ្មែរក្រហម និងក្រោយពេលបញ្ចប់ទៅ នៃរបបខ្មែរក្រហម»។  


លោកបានបន្ថែមទៀតថា៖ «យើងក៏បានច្បិចយកខ្លឹមសារ នៃពាក្យពេជន៍ចំពោះសិល្បៈរបស់ពួកគាត់ ដើម្បីដាក់តាំងបង្ហាញ និងផ្តល់ឱកាសឲ្យអ្នកចូលរួម អាចសម្ភាសន៍អំពីខ្សែជីវិតរបស់វីរជនទាំងនោះ បានផងដែរ»។ 


នៅក្នុង​គម្រោងវីរជនសិល្បៈនេះ តាន់ វត្តី ដែលជាសិល្បករផ្នែកចក្ខុទស្សន៍ និងអន្តរវិធាន​ បាន​រួមស្នាដៃជាមួយសិល្បករមួយរូបទៀតគឺ ស៊ីនតា វីបូវូ  បានដំឡើងស្នាដៃសម្រាប់ពិព័រណ៍ក្នុងកម្មវិធីនេះ។ វត្តី បាននិយាយថា គាត់មានក្តីរំភើបដែលបានធ្វើការ សិក្សាឈ្វេងយល់ពីវីរជនសិល្បៈ និងទទួលបានឱកាសធ្វើការនៅលើគម្រោងមួយនេះ។ 


វត្តី ប្រើគំនិតច្នៃប្រឌិតដើម្បីរចនាអោយចេញជារូបរាងនូវរូបភាពរបស់វីរជនសិល្បៈម្នាក់ៗ  ហើយ ដាក់បង្ហាញ ក្នុងទម្រង់ជាការអង្គុយជួបជុំផ្ទាល់នៅលើកន្ទេល ដើម្បីបង្កើតឱ្យមានភាពស្និទ្ធិស្នាល រវាងវីរជនសិល្បៈ និងអ្នកចូលរួម។ សិល្បកររូបនេះ បានរៀបចំពិព័រណ៍ក្នុងទម្រង់នេះ ដើម្បីភ្ជាប់ទម្លាប់នៃការចែករំលែក ពីអតីតកាល មកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។ គាត់បានលើកឡើងថា «ពីដើមយើងអង្គុយជុំវិញភ្លក់ភ្លើង ហើយស្តាប់ការនិទានពីដំណើរជីវិតរបស់ចាស់ៗ»។


កង្វះពេលវេលា និងការលំបាកក្នុងការកំណត់អត្តសញ្ញាណសិល្បករទាំងនោះ គឺជាបញ្ហាប្រឈម​នៅក្នុង​ ដំណើរការស្រាវជ្រាវ។ ប៉ុន្តែដោយសារសុឆន្ទៈ និងក្តីពេញចិត្ត ពួកគាត់នៅតែបន្តស្វែករក ដោយសាកសួរព័ត៌មានពីស្ថាប័នផ្សេងៗ ដែលធ្វើការពាក់ព័ន្ធនឹងសិល្បករ ពី មន្ទីរវប្បធម៌ ឬសាកសួរតាមសិល្បករ ដែលបានសម្ភាសន៍រួចជាដើម។ 


យ៉ាងណាមិញអ្នកជំនាញទាំងពីរនេះ សុទ្ធតែបានបង្ហាញក្តីបារម្ភស្រដៀងគ្នា ចំពោះសិល្បៈ នាថ្ងៃអនាគត។


លោករស្មី បាននិយាយថា៖ «ទៅថ្ងៃមុខសិល្បៈខ្លះងាយនឹងបាត់បង់ ដូចជាអ្នកច្រៀងអាយៃ ចាបុី ជាដើមព្រោះវាត្រូវការទេពកោសល្យ ហើយការផ្ទេរទៀតសោត ក៏ទាមទារ អ្នកដែលមានទេពកោសល្យផងដែរ ហើយយើងសង្ឃឹមថាស្ថាប័នពាក់ព័ន្ធ គួរតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពួកគាត់។»


ទាក់ទិននឹងបញ្ហានេះ វត្តី បានបង្ហាញក្តីបារម្ភផងដែរថា៖ «ពួកគាត់ចាស់ៗអស់ហើយ អ្នកខ្លះក៏បានស្លាប់ទៀត»។ ប៉ុន្តែទន្ទឹមនឹងនោះ វត្តីសង្កេតឃើញថា យុវជនជំនាន់ថ្មី ក៏ហាក់ដូចជាចាប់អារម្មណ៍នឹងសិល្បៈគួរឲ្យកត់សម្គាល់ ហើយរលកនៃការសាយឥទ្ធិពលតៗគ្នានេះ អាចនឹងបង្កើតឱ្យមានទឹកចិត្ត និងការចាប់ផ្តើមស្រលាញ់សិល្បៈផងដែរ។ 


ជាចុងក្រោយ លោក អាន រស្មីមានប្រសាសន៍ថា «នៅពេលដែលស្រុកទេសចាប់ផ្តើមរីកចម្រើន សង្គមនោះពិតណាស់មិនអាចខ្វះសិល្បៈបានទេ សិល្បៈអាចលើកស្ទួយសង្គមជាតិ វាអាចជួយឲ្យមនុស្សមានចិត្តសាមគ្គីគ្នា​ស្រលាញ់គ្នា កសាងសន្តិភាព។


សូមកុំភ្លេចចូលរួម និងតាមដានទស្សនាពិព័រណ៍ ​និងសិក្ខាសិលានេះ ដើម្បីឈ្វេងយល់បន្ថែម ពីខ្សែជីវិតរបស់វីរជនសិល្បៈទាំង២៥រូប និងក្រេបយកចំណេះដឹងថ្មីៗពីសិល្បករជើងចាស់ទាំងនេះ ដែលពោរពេញទៅដោយបទពិសោធន៍ និងភាពបុិនប្រសប់ដែលអ្នកអាចនឹងមើលរំលង៕


Comments