លោក រស់ សុគន្ធា៖ «ចង្វាក់» បង្កើតឱកាសឱ្យតន្ត្រីករបង្ហាញភាពអស្ចារ្យរបស់ខ្លួនតាមរយៈស្នាដៃបែបតន្រ្តី-កុន

លោក រស់ សុគន្ធា៖ «ចង្វាក់» បង្កើតឱកាសឱ្យតន្ត្រីករបង្ហាញភាពអស្ចារ្យរបស់ខ្លួនតាមរយៈស្នាដៃបែបតន្រ្តី-កុន

ដោយ ថុន វាសនា
លោក រស់ សុគន្ធា គឺជាអ្នកដំឡើងស្នាដៃតន្រ្តីដែលប្រើកុនជាមធ្យោបាយក្នុងការបង្ហាញ ដែលស្នាដៃនោះ មានឈ្មោះថា «ចង្វាក់» ​សម្រាប់កម្មវិធីរដូវវប្បធម៌ ក្នុងឆ្នាំ ២០២២។ 
លោកគឺជាអតីតនិសិ្សតផ្នែកល្ខោនខោល នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ហើយសព្វថ្ងៃ លោកជាសិល្បករ ក្នុងកងឯកភាពសិល្បៈយោធាភិរម្យ។ លោក រស់ សុគន្ធា រស់នៅជាមួយឧបករណ៍តន្រ្តី តាំងតែពីកុមារភាព។ ដោយមានជីតាជាតន្រ្តីករម្នាក់ លោកសុគន្ធាបានចំណាយពេលវេលាជាច្រើន ជាមួយឧបករណ៍ភ្លេង ដែលបានបណ្តាល​ឱ្យលោកស្រឡាញ់ និងចំណាយពេលស្វែងយល់ពីតន្រ្តី។ លោកចាប់ផ្តើមលេងតន្រ្តីពិណពាទ្យ នៅក្នុងពិធីផ្សេងៗ ចាប់តាំងពីលោកមានអាយុ ១០ឆ្នាំ។ 
«ចង្វាក់» នឹងត្រូវបង្ហាញជូននៅថ្ងៃទី២០ ខែកុម្ភៈ តាមរយៈការPremierនៅលើទំព័រហ្វេសប៊ុករបស់អង្គការសិល្បៈខ្មែរអមតៈ ម៉ោង​៦-៧ល្ងាច។  
តើលោកអាចនិយាយអំពីស្នាដៃថ្មីរបស់លោកបានថា តើអ្វីទៅជា «ចង្វាក់»?
ចង្វាក់ជាស្នាដៃ ដែលបានបញ្ចូលឧបករណ៍ភ្លេងខ្មែរ ជាមួយឧបករណ៍ភ្លេងបរទេស មានដូចជា អាហ្វ្រិក និង អារ៉ាប់រួម។ មួយវិញទៀត ចង្វាក់ ជាស្នាដៃដែលបានឆ្លុះបញ្ចាំងពី សារៈសំខាន់របស់មេចង្វាក់ ក្នុងដំណើរនៃបទ នោះគឺស្គរ។ អ្វីដែលសំខាន់ជាងនោះទៅទៀត ចង្វាក់ជាស្នាដៃ ដែលបង្ហាញពីសារៈសំខាន់នៃអារម្មណ៍របស់សិល្បៈករ ជាពិសេសតន្រ្តីករ នៅពេលពួកគាត់សម្ដែង។ 
តើមានមូលហេតុអ្វី បានជាលោកសម្រេចចិត្តដំឡើងស្នាដៃមួយនេះឡើង?
ខ្ញុំតែងគិតក្នុងចិត្តខ្លួនឯងថា តន្រី្តករខ្មែរភាគច្រើន​ គឺមិនសូវបានបង្ហាញពីសមត្ថភាព និង កាយវិការរបស់ខ្លួននៅលើឆាកឡើយ។ មួយវិញទៀត តន្រ្តីករភាគច្រើន គឺគ្រាន់តែអង្គុយលេងឧបករណ៍តន្រ្តីធម្មតាៗ ដោយមិនសូវមានការបញ្ចូលអារម្មណ៍ ទៅជាមួយតន្រ្តី នៅពេលកំពុងប្រគំឡើយ។ ហេតុនេះហើយបានជាខ្ញុំបង្កើតចង្វាក់នេះឡើង ក្នុងគោលបំណងឲ្យតន្រ្តីករមានឱកាស បានបង្ហាញភាពអស្ចារ្យពីខាងក្នុងរបស់ខ្លួន ដើម្បីឲ្យមើលទៅតន្រី្តករកំពុងតែ សម្ដែងផង រាំផង និងបូកបញ្ជូល ទាំងភាពស្វាហាប់នៅក្នុងនោះទៀត។
តើលោកអាចរៀបរាប់ត្រួសៗពីបទពិសោធន៍ ជាមួយឧបករណ៍ទាំងនោះបានទេ? និងមូលហេតុអ្វីបានជាលោកបញ្ចូលគ្នា រវាងឧបករណ៍ភ្លេងខ្មែរផង និង ឧបករណ៍ភ្លេងបរទេសផង?
ខ្ញុំចាប់ផ្ដើមលេងឧបករណ៍ភ្លេងខ្មែរ តាងពីខ្ញុំនៅតូចមក ហើយឧបករណ៍ ដែលខ្ញុំកាន់ដំបូងគឺ រនាតធុង និងក្រោយមកទើបខ្ញុំលេងឧបករណ៍ផ្សេងៗទៀត។ រីឯឧបករណ៍ភ្លេងអាហ្វ្រិកវិញ ខ្ញុំបានសិក្សាដោយផ្ទាល់ជាមួយលោកគ្រូជនជាតិ អាហ្រ្វិក តាមរយៈសិក្ខាសាលាមួយ នៅក្នុងសមាគមសិល្បៈសុវណ្ណភូមិ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ ការលាយបញ្ចូលគ្នារវាងឧបករណ៍ភ្លេងខ្មែរ និង ឧបករណ៍ភ្លេងបរទេសនេះ គឺក្នុងគោលបំណងក្នុងការបង្កើតបទថ្មី ចង្វាក់ថ្មី និង លំនាំថ្មី ក្នុងលំហូរនៃសាច់បទចាស់។​
តើលោកមានការយល់ឃើញយ៉ាងណា ចំពោះតន្ត្រីនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ?
ខ្ញុំគិតថាតន្រ្តីខ្មែរនាពេលបច្ចុប្បន្ននេះ មានភាពល្អហើយ ប៉ុន្តែមិនទាន់មានភាពអស្ចារ្យនៅឡើយ។ តន្រ្តីខ្មែរបច្ចុប្បន្នមានភាពខ្វះខាតត្រង់ថា មានការអភិរក្ស ប៉ុន្តែមិនសូវមានការអភិវឌ្ឍ។ ប្រសិនបើឧបករណ៍តន្រ្តីខ្មែរ មានការបំបែកទៅលេងជាមួយភ្លេងបរទេស បូករួម ទាំងការដាក់អារម្មណ៍របស់តន្រ្តីករ ពេលកំពុងប្រគំ ប្រហែលជាល្អច្រើន។
ចុះពេលអនាគត តើលោកមានចិត្តចង់បង្កើតអ្វីដែលថ្មីដែលឬទេ?
ពេលអនាគត សម្រាប់ក្រុមខ្ញុំវិញ មានបំណងក្នុងការបង្កើតភ្លេងថ្មី ដោយមានលាយគ្នារវាងឧបករណ៍ស្គរខ្មែរ ជាមួយនឹងឧបករណ៍ច្នៃប្រឌិត ដើម្បីឲ្យមើលទៅមានភាពថ្មីនៅក្នុងនោះ៕

Comments