ល្ខោននិយាយ «បុគ្គលជោគជ័យ» ឆ្លុះបញ្ចាំងពីបរិបទសង្គមកម្ពុជា ដាស់តឿនស្មារតីប្រជាជន

តើមានផ្លូវកាត់ទៅកាន់ភាពជោគជ័យដែរឬទេ? ល្ខោននិយាយ «បុគ្គលជោគជ័យ» នឹងលើកយកជ្រុងមួយនៃទិដ្ឋភាពសង្គមខ្មែរ ការដែលមនុស្សមួយចំនួនឆាប់ជឿសម្តីបញ្ចុះបញ្ចូល អំពីយុទ្ធសាស្ត្រជោគជ័យ ឆ្ពោះទៅកាន់ភាពមានបានក្នុងមួយពព្រិចភ្នែក។ 

ដោយ បូរិន សុភាវុទ្ធតី

ពាក្យ​ថា «បុគ្គល​ជោគជ័យ» ឬ «គ្រូ​ជោគជ័យ» បាន​ក្លាយជា​ពាក្យ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា ជាពិសេស​ក្នុងចំណោម​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​យុវជន​នៅ​កម្ពុជា។ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ជា​រឿយៗ ជា​ការ​និយាយលេង​ដើម្បី​កំសាន្ត​អារម្មណ៍។


មុន​ពេល​មាន​ទំនោរ​នៃ​ការប្រើ​ប្រាស់​ពាក្យ​ថា «បុគ្គល​ជោគជ័យ» ជា​រឿង​អស់សំណើច ពាក្យ​នេះ​ដើមឡើយ ប្រើ​ក្នុង​ន័យ​វិជ្ជមាន ដែល​ជានិច្ចកាល​យើង​ប្រើប្រាស់ សម្រាប់​សំដៅលើ​បុគ្គល​ណា ដែល​ខិតខំ​តស៊ូ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​ជីវិត ដើម្បី​ឈាន​ដល់​ភាព​ជោគជ័យ​ក្នុង​អាជីព​ការងារ ឬអាជីវកម្ម​របស់​ខ្លួន។ បុគ្គល​ជោគជ័យ​នោះ មាន​កិត្តិយស នឹង​ត្រូវ​បាន​អ្នក​ផង​គោរព​នៅក្នុង​សង្គម ហើយ​ពួក​គាត់​មានបទពិសោធន៍​ជីវិ​តល្អៗ ដើម្បី​ចែករំលែក​ដល់​យុវជន​ជំនាន់​ក្រោយ។


នៅ​កម្ពុជា ក្នុងរយៈ​ពេល​ថ្មីៗនេះ យើង​សង្កេតឃើញ​មានការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ជាច្រើន​ក្នុង​វិ​ស័យ​ផ្សេងៗ។ មួយ​ក្នុងចំណោម​នោះ គឺការ​រីក​សុះសាយ​នៃ​សហគ្រិនភាព​នៅ​កម្ពុជា ដែល​នាំឲ្យមាន​សហគ្រិន​វ័យក្មេង​ជាច្រើន​រូប និង ការបង្កើត​ឲ្យ​មានធុរៈ​កិច្ច​​ថ្មីៗ​ជាច្រើន ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម ដោយ​ការប្រើ​ប្រាស់​គំនិត​ច្នៃ​ប្រឌិត បូក​ផ្សំនឹង​ការប្រើ​ប្រាស់​ជំនួយ​ពី​បច្ចេក​វិទ្យា​ទំនើប។


បើ​យើង​ក្រឡេក​មើល​ជ្រុង​មួយទៀត​នៃ​សង្គម​កម្ពុជា ករណី​ឆបោក​និង​សន្យា​ខ្យល់ បោកបញ្ឆោត​ក្នុង​រូបភាព​ជា​សិក្ខា​សិលា ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ ក៏ដូចជា​ការ​យក​លុយ​មក​វិនិយោគ​លើ​ការ​រក​សុី ជាមួយនឹង​ការធានា​ថា​នឹង​បាន​ប្រាក់​កម្រៃ​ចំណេញ​មកវិញ​ទ្វេ​ដង បាន​នឹង​កំពុង​កើនឡើង​ជា​រឿយៗ ហើយ​កាន់តែ​​ធ្ងន់ធ្ងរ​ទៅៗ។


យុទ្ធ​សាស្ត្រ​លើកយក​ប្រាក់ចំណេញ​ដាក់មុខ និង​ជោគជ័យ​លឿន​នេះ ធ្វើឲ្យ​មនុស្ស​ជឿស្លុង ហើយ​គិត​ខ្លី ដោយ​មិនបាន​សិក្សា​ឈ្វេងយល់​ឲ្យ​សុី​ជម្រៅ ពី​សាវ​តា​នៃ​បុគ្គល​នោះ​ឲ្យលើស​ពី​អាវធំ​របស់​អ្នក​បញ្ចុះបញ្ចូល និង​របៀប​ឬដំណាក់កាល​នៃ​ការ​វិនិយោគ​ឲ្យបាន​ជាក់លាក់។


ដើម្បី​ដាស់តឿន​ស្មារតី​ប្រជាជន​ខ្មែរមួយចំនួន​អំពី​បញ្ហា​នេះ ល្ខោននិយាយ​មួយ​ក្រោម​ចំណងជើង​ថា៖ «បុគ្គល​ជោគជ័យ» គ្រោង​នឹង​សម្តែងសាកល្បង នៅ​ថ្ងៃទី១២ខាងមុខនេះ នៅបរិវេណសាលាមធ្យមវិចិត្រសិល្បៈ​ ដែលសំបុត្រសម្រាប់ការចូលទស្សនាមានតម្លៃ ២ដុល្លារ។ ហើយ ការសម្តែងពេញនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ វេលាម៉ោង ៦៖៣០នាទីល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាមួយនឹងតម្លៃសំបុត្រចូលទស្សនា ៤ដុល្លារ។ ការសម្តែងនេះ ជាផ្នែកមួយនៃ​កម្មវិធី​«រដូវ​​វប្ប​ធម៌»​ប្រចាំឆ្នាំរបស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ។


«បុគ្គល​ជោគជ័យ» នឹង​បង្ហាញ​ពី​ជីវិត​របស់​គ្រូបង្រៀន​មត្តេយ្យ​ម្នាក់​ឈ្មោះ រី​តា ដែល​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​អ្នក​រក​សុី​ជោគជ័យ​ម្នាក់។ ដើម្បី​ធ្វើឲ្យ​ក្តី​ស្រមៃ​របស់​ខ្លួន​ក្លាយជា​ការពិត រី​តា​ចាប់ផ្ដើម​ទៅ​ប្រឹក្សា​ជាមួយ​គ្រូ​ជោគជ័យ​ម្នាក់។ គ្រូ​ជោគជ័យ​ម្នាក់​នោះ បាន​បញ្ចុះបញ្ចូល​នាង​ឱ្យ​វិនិយោគ ២មុឺ​នដុល្លារ ក្នុង​ការ​បណ្ដាក់​ទុន​រកស៊ី​ជាមួយ​គាត់។ ដោយ​មិន​ចង់​មានរឿង​ជាមួយ​គ្រួសារ រី​តា​មិនបាន​ប្រាប់​ស្វាមី​របស់​ខ្លួន​គ្រប់យ៉ាង​នោះ​ទេ ដែល​ធ្វើឲ្យ​គាត់​គិតថា​នាង​ដាក់​ទុន​ជាមួយ​មិត្តភក្តិ។ បន្ទាប់មក ការ​បណ្ដាក់​ទុន​រកស៊ី​ក៏មាន​បញ្ហា​កើតឡើង​ជាបន្តបន្ទាប់។


ល្ខោ​ននិ​យាយ «បុគ្គល​ជោគជ័យ» ​និពន្ធឡើង​ដោយ​លោក​សួស យ៉ា​មី ដែល​សាច់រឿង​នេះ ត្រូវ​បាន​សរសេរទៅ​ដល់​ក្រុម​គោលដៅ ជា​យុវជន សហគ្រិន និង​អ្នក​ដែល​មានគំនិត​ចង់​បង្កើត​អាជីវកម្ម ប៉ុន្តែ​សាធារណៈ​ជន​ទូទៅ សុទ្ធតែ​អាច​ទស្សនា​បាន ដើម្បី​ទុកជា​ករណី​សិក្សា​សម្រាប់​ជីវិត។


លោក​យ៉ា​មី​បាន​ពន្យល់​ថា៖ ល្ខោននិយាយ​ «បុគ្គល​ជោគជ័យ» ជា​​ផ្នែកមួយដែលមាន​សារៈសំខាន់​ចំពោះ​សង្គម​កម្ពុជា និង​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។ រឿងនេះ ​ជា​សារ​ដាស់តឿន និង​ពញ្ញាក់​ស្មារតី​ពួក​គាត់ មុននឹង​ធ្វើការ​សម្រេចចិត្ត ត្រូវ​មានការ​ពិភាក្សា​ជាមួយ​អ្នកណា ឬជាមួយ​អ្នក​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្បាស់ ជាជាង​ការ​សោក​ស្ដាយ ឬមាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ។»


លោក​យ៉ា​មី ​និពន្ធរឿង​នេះ​ឡើង​ក្នុង​ឆ្នាំ២០២១ នៅក្នុង​សិក្ខាសាលាស្តី​ពី «មូលដ្ឋានគ្រឹះនៃការសរសេរ និងអភិវឌ្ឍអត្ថបទល្ខោន» ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ សហការ​ជាមួយ​អ្នកនិពន្ធ និង​អ្នកដឹកនាំល្ខោន​ល្បីឈ្មោះ​ម្នាក់ គឺ​លោកភូ ហ្សង់-បាទីស្ត៍ (Jean-Baptiste PHOU)។ ហើយ​ស្នាដៃ​របស់​លោក​យ៉ា​មី គឺជារឿង​តែមួយគត់​ក្នុងចំណោម​សាច់រឿង​ទាំងអស់១០ នៃ​សិក្ខាសាលា​ខាងលើ​ដែល​ត្រូវ​បាន​ជ្រើសរើស ដើម្បី​អភិវឌ្ឍ​ទៅជា​ការ​សម្តែង​ក្នុង​ទម្រង់​ល្ខោននិយាយ។


ក្នុង​វ័យ២៨ឆ្នាំ ​លោក​យ៉ា​មី បាន​ចាប់អារម្មណ៍​ចូលរួម​ក្នុង​សិក្ខា​សាលា​ខាងលើ ព្រោះ​លោក​ចង់​ទទួល​បាន​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង​ផ្នែក​សរសេរ​ពី​អ្នកជំនាញ ដើម្បី​អភិវឌ្ឍ​អាជីព​ជា​អ្នកនិពន្ធ​អត្ថបទ​សារព័ត៌មាន​របស់​លោក និង ការ​ចង់​ចូលរួម​ជា​ប្រយោជន៍​រួម​ក្នុង​សង្គម តាមរយៈ​ស្នាដៃ​របស់​ខ្លួន។

«ល្ខោននិយាយ​គឺជា​ការ​សម្តែង​មួយ​ទម្រង់ ដែល​ប្រកបដោយ​ការ​ដាក់​មនោសញ្ចេតនា ការប្រើ​ប្រាស់​ពាក្យពេចន៍ និង​ទឹកមុខ​បាន​យ៉ាង​ល្អ អ្នកទស្សនា​នឹង​មាន​អារម្មណ៍​ដូចជា​ខ្លួន​កំពុង​ទស្សនា​ជីវិត​ពិ​តៗ ដែល​វា​នឹង​អូសទាញ​អ្នកទស្សនា​ឲ្យ​ចង់​តាមដាន ថា​តើ​នឹង​មានរឿង​រ៉ាវ​អ្វី​កើតឡើង​បន្ត​ទៀត​ក្នុង​ការ​សម្តែង»។

លោក​យ៉ា​មី បាន​ប្រាប់ Focus ថា​កត្តាដែលញុំាងចិត្ត​ធ្វើ​ឱ្យ​លោក​សរសេរ​ល្ខោននិយាយនេះ​ឡើង ដោយសារតែ​បទពិសោធន៍​ផ្ទាល់ខ្លួន​កាល​លោក​រៀន​ថ្នាក់​វិទ្យាល័យ នៅចន្លោះ​ឆ្នាំ ២០១១ - ២០១២ គី​ការ​ដែល​ចាស់ៗ សិស្សានុសិស្ស និង​យុវជន​ដូចគ្នា ចាញ់បោក​បុគ្គល​ជោគជ័យ​ក្លែងក្លាយ ឲ្យ​ចូលរួម​វគ្គ​ជោគជ័យ ទិញ​ផលិតផល លក់ដី​ឡូ​តិ៍ ឬដាក់​ប្រាក់​វិនិយោគ ដែល​ដូចគ្នានឹង​ទិដ្ឋភាព​សង្គម​កម្ពុជា នាពេល​បច្ចុប្បន្ន​ដែរ។


«កត្តា​សំខាន់​បំផុត ដែ​ល​ដិតដាមក្នុងចិត្តខ្ញុំ​ខ្លាំង គឺ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា ចាប់ផ្តើម​រីកចម្រើន ប្រជាជន​ចាប់ផ្តើម​ធ្លាក់​ចូលក្នុង​សង្គម​សម្ភារៈនិយម មនុស្ស​ចាប់ផ្តើម​គិត​ចង់​មាន​ចង់​បាន​ឆាប់ៗ។»

លោក​បាន​បន្ថែម​ថា ដោយសារតែ​កត្តា​ទាំងនេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម​ឱកាស​និយម ធ្វើ​បច្ចុប្បន្នភាព​ល្បិច ដោយ​យក soft skill ឬជំនាញ​ទន់ ជា​ចំណុច​ទាក់ទាញ​មក​បង្រៀន​ដើម្បី​បាំងមុខ ជា​ផ្លូវ​សម្រាប់​អូសទាញ​មនុស្ស ដែល​ចង់​ជោគជ័យ​លឿនហួស​សមត្ថភាព។


លោក​យ៉ា​មី​សប្បាយចិត្ត​នៅពេល​ដែល​សាច់រឿង​របស់​ខ្លួន នឹង​​សម្តែង​ឲ្យ​មហាជន​បានឃើញ​ក្នុង​ពេល​ឆាប់ៗនេះ។ ល្ខោននិយាយ«បុគ្គល​ជោគជ័យ» ​ដឹកនាំ​សម្តែង​ដោយ​លោក​ណេន ភារិ​ទ្ធ ដែល​ជាអតីតនិស្សិតបញ្ចប់

​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​ដឹកនាំជំនាញល្ខោននិយាយនៅ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ នៃ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ព្រមទាំង​សម្ដែង​ដោយសិល្បករដែលមានទេព្យកោសល្យ អមដោយការរចនាឆាក ប្រព័ន្ធភ្លើង និងសម្លេង ដើម្បីលើកកម្ពស់គុណភាពនៃការសម្តែងថែមមួយកម្រិតទៀត៕ 

Comments