រសជាតិស្នាដៃនិពន្ធរឿងថ្មីចំនួន៤ នឹងក្លាយជាចំណីអារម្មណ៍ដល់អ្នកទស្សនាយល់ដឹងពីបញ្ហាជាក់ស្ដែងក្នុងសង្គម

រសជាតិស្នាដៃនិពន្ធរឿងថ្មីចំនួន៤ នឹងក្លាយជាចំណីអារម្មណ៍ដល់អ្នកទស្សនាយល់ដឹងពីបញ្ហាជាក់ស្ដែងក្នុងសង្គម...

ដោយ អ៊ុន វឌ្ឍនា
វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​ហាក់​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ មាន​អ្នកនិពន្ធ​ជាច្រើន បាន​ចូលរួម​បង្កើត​ស្នាដៃ​និពន្ធ​ថ្មី ដើម្បី​បង្ហាញ​ពី​ចន្លោះប្រហោង​នានា ដែល​កើតមាន​នៅ​ក្នុង​សង្គម ក្នុងស្មារតី​ដាស់តឿន​អ្នកអាន ​ឬ​អ្នក​ទស្សនា។ ការ​តាក់តែង​និពន្ធ​គឺ ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជំរុញ​ឱ្យ​មានការ​កកើត​នូវ​ធនធានមនុស្ស ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​ប្រទេសជាតិ ឱ្យ​កាន់តែ​មានការ​រីកចម្រើន នា​ពេល​បច្ចុប្បន្ន ​និង​អនាគត។  
ដើម្បី​គាំទ្រ​ការ​តែង​និពន្ធ​ថ្មី និង​លើកស្ទួយ​វិស័យ​នេះ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​បង្កើត​កម្មវិធី​ប្រកាស​ជ្រើសរើស​អត្ថបទ​អក្សរសិល្ប៍​ច្នៃ​ប្រតិដ្ឋ​មួយ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​រដូវ​វប្បធម៌​ឆ្នាំ ២០២២ ក្រោម​ប្រធានបទ «ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក» ។  ជា​លទ្ធផល ស្នាដៃ​ចំនួន ៤ ត្រូវ​បាន​ជ្រើសរើស​យក​មក​អាន​ក្នុង​កម្មវិធី «អំណាន​ក្នុង​អនាគត» ដែល​ជា​ផ្នែក​មួយ នៃ​ព្រឹត្តិ​ការណ៍​សិល្បៈ​វប្បធម៌​ប្រចាំ​ឆ្នាំ​នេះ។ 

សម្រាប់​ស្នាដៃ​របស់​អ្នកនិពន្ធ​ឆ្នើម​បួន​រូប ដែល​ទទួល​បាន​ជ័យ​លាភី​រួមមាន កន្យា ប៉ុប​អែ​ណេ៖ «អុកចត្រង្គ», ស រ៉ា​ន់​ដា៖ «ចាប​សំបុក», ជា តុង​ហៃ៖ «ផ្ទះកន្តាំង​បី​ខ្នង» និង ឡាយ ឈុនយី៖ «Planet E»។ 
សម្រាប់​ការវាយតម្លៃ​នៃ​ស្នាដៃ​អត្ថបទ​និពន្ធ គឺ​ស្ថិត​លើ​លក្ខខណ្ឌ​ចំនួន​ប្រាំ ដែល​មានការ​ដាក់​ពិន្ទុ​ទាប​ទៅ​ខ្ពស់​ពី១ដល់៤សម្រាប់​លក្ខខណ្ឌ​នី​មួយៗ។ លក្ខខណ្ឌ​ទី១ គឺ​ស្នាដៃ​នោះ​ត្រឹមត្រូវ​និង​បាន​ឆ្លើយតប​នឹង​ប្រធាន «ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក»ឬទេ? លក្ខខណ្ឌ​ទី២ គឺ​មើល​លើ​ការ​ច្នៃ​ប្រតិដ្ឋ (ជា​រឿង​ថ្មី​មិនទាន់​សរសេរ ឬ​ជា​រឿង​មួយ​មិន​មានការ​អប់រំ​ត្រង់​ពេក)។ លក្ខខណ្ឌ​ទី៣ គឺ​ផ្នែក​អត្ថន័យ (អ្នកនិពន្ធ​ចង់​ផ្ដល់​សារ​អ្វី​ដល់​អ្នកស្ដាប់​ឬ​អាន​សម្រាប់​ពិចារណា បាន​ផ្ដល់​អ្វី​ជា​ការកម្សាន្ត)។ លក្ខខណ្ឌ​ទី៤ គឺ ទាក់ទង​នឹង​អត្ថរូប​អត្ថបទ​សរសេរ (កន្លែងណា​ជា​ចំណោទ​បញ្ហា ភាព​សម​ហេតុផល ចំណង​ពី​ព្រឹត្តិ​ការណ៍​មួយ​ទៅ​ព្រឹត្តិការ​មួយ និង​ក្បួនច្បាប់​នៃ​ការ​សរសេរ)។ លក្ខខណ្ឌ​ទី៥ គឺ ពាក់ព័ន្ធ​នឹង​បំពេញ​ផ្នែក​អត្ថបទ (ការ​ប្រើ​ប្រាស់​ភាសា វិធីសាស្ត្រ​សរសេរ វេយ្យាករណ៍ អក្ខរា​វិរុទ្ធ និង​ឃ្លាឃ្លោង​ជាដើម)។ 

សម្រាប់​ការ​និពន្ធ​សាច់រឿង​ទាក់ទង​នឹង​ប្រធានបទ «ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក» ចំពោះ​អ្នកនាង សុជាតា ដែល​ជា​អ្នក​បោះ​ពុម្ព​ផ្សាយ និង​ជា​គណៈកម្មការ​មួយ​រូប​នៃ​ការ​ជ្រើសរើស​នេះ បាន​លើកឡើង​ថា​ថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់ ដោយសារ​ប្រធានបទ មាន​លក្ខណៈ​ទូលំទូលាយ អាច​ចូល​បាន​គ្រប់​កាលៈទេសៈ ដូចនេះ​ការ​ផ្ដល់​ពិន្ទុ​យោង​សំខាន់ លើ​ការ​ឱ្យ​តម្លៃ​ភាព​ច្នៃប្រឌិត​ច្រើនជាង​គេ។»

អ្នកនាង នាង សុធា​រី ជា​អ្នកនិពន្ធ​ឯករាជ្យ​មួយ​រូប ដែល​ធ្វើការ​ច្រើន​ក្នុង​វិស័យ​តាក់តែង​និពន្ធ​  និង​ជា​គណៈកម្មការ​មួយ​រូប​ទៀត សម្រាប់​ការ​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​នេះ បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​អោយ​តម្លៃ​ជា​រួម​ថា អ្នក​ដែល​ឈ្នះ សុទ្ធតែ​ជា​អ្នក​ដែល​បង្កើត​ស្នាដៃ​ដ៏​មានខ្លឹមសារ និង​អត្ថន័យ​ល្អ។» 

យោង​តាម​គណៈកម្មការ​ទាំងពីរ​បាន​ដឹង​ថា មានរឿង​ចំនួន៨ ដែល​ធ្វើ​បាន​ល្អ ប៉ុន្តែ​មានតែ៤រឿង​ប៉ុណ្ណោះ ដែល​ជាប់​សម្រាប់​ការ​អាន​ផ្ទាល់​ក្នុង​កម្មវិធី។ ចំពោះ​ចំណាប់​អារម្មណ៍​ទូទៅ​របស់​គណៈកម្មការ​ទាំងពីរ គឺ​សាច់រឿង​ទាំង៨មាន​លក្ខណៈ​ប្លែក ជាពិសេស​ភាគច្រើន​គឺ​សរសេរ​បែប​ប្រៀបធៀប ដោយចង់​ឱ្យ​អ្នកអាន​គិតដល់​អ្វីមួយ​ផ្សេងទៀត។ កំណាព្យ​ពូកែ​ប្រើ​ពាក្យ​ពេចន៍ ស្គាល់​ក្បួនច្បាប់។ អ្នកខ្លះ​សេរ​សេរ​ខ្លី តែ​មានន័យ​ទូលំទូលាយ។

ដោយឡែក​ចំពោះ​សាច់រឿង​ទាំង៤ រួមមាន អុកចត្រង្គ ចាប​សំបុក ផ្ទះកន្តាំង​បី​ខ្នង និង Planet E មាន​លក្ខណៈ​ពិសេស​ប្លែក និង​មាន​អត្ថន័យ​ខ្លាំង ដែល​អាច​ធ្វើ​ឱ្យ​គណៈកម្មការ​ជំនាញ​ទាំងពីរ​រូប សម្រេច​យក​ជា​រឿង​ល្អ​ដាច់​គេ។ 

តាម​ការសង្កេត​មើល​របស់​អ្នកនាង សុជាតា ក្នុងចំណោម​រឿង​ទាំងអស់​ប្រមាណ៣០រឿង​ជាង ដែល​បាន​ផ្ញើ​មក ជាង​ពាក់កណ្ដាល​នៃ​ស្នាដៃ គឺ​សរសេរ​បែប​ន័យ​ត្រង់ៗ (Classic)។ តួយ៉ាងដូចជា ទាល់តែ​មាន​មហន្តរាយ​ទើប​ដឹង​កំហុស ឬ​ពេល​មាន​នរណា​ស្លាប់ ទើប​មានរឿង។ 

រឿង​ទាំង៤ ដែល​បាន​ជាប់​អ្នកនិពន្ធ​សុទ្ធតែ​បាន​បំពេញ​ស្របតាម​លក្ខខណ្ឌ​របស់​កម្មវិធី ជាពិសេស​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សង្គម​ច្រើន។ អ្នកនិពន្ធ​និយាយ​ពី​អ្វីមួយ មិន​ចំៗ​ពេក មិន​ផ្ដល់​សារ​អប់​រំ​ត្រង់​ៗ ពោល គឺ​អ្នកនិពន្ធ​ចង់​ឱ្យ​អ្នកអាន ឬ​ស្ដាប់​មានការ​ត្រិះរិះ​ពិចារណា វិភាគ​ចំណុច​ណាមួយ​តាម​អ្វី​ដែល​បាន​យល់។ នេះ​ហើយ​ជា​គុណ​តម្លៃ​នៃ​ការ​សរសេរ ដែល​អ្នកនិពន្ធ​មិន​តាំងខ្លួនជា​អ្នកអប់រំ។
 អ្នកនាង សុជាតា បាន​លើកឡើង​ពី​បទពិសោធន៍​របស់​ខ្លួន​បន្ទាប់ពី​អាន​រឿង​នេះ​ថា៖ «បទពិសោធន៍​ដំបូង​ដែល​ខ្ញុំ​ចាប់អារម្មណ៍ គឺ​ការកម្សាន្ត។ រឿង​ដែល​យើង​បាន​ជ្រើសរើស ធ្វើ​ឱ្យ​យើង​រីករាយ​ក្នុង​ការ​អាន និង​មាន​បទពិសោធន៍​ល្អ​ពេល​អាន​ចប់។ ជាពិសេស ជួយ​ដល់​ការ​ស្គាល់​នូវ​សង្គម​របស់​យើង​បាន​ច្រើន។ ដូចជា​រឿង អុកចក្រង្គ ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​បទពិសោធន៍​ថ្មី​នៃ​ចំណេះដឹង​ការ​លេងអុក។ សម្រាប់ រឿង ចាប​សំបុក ខ្ញុំ​គិត​ថា​មាន​លក្ខណៈ​អន្លង់អន្លោច របៀប​សរសេរ​ជា​កំណាព្យ​រាយ (កម្រងកែវ) ហើយ​ខ្លី​ដែល​ពេល​អាន​ហើយ​ធ្វើឲ្យ​យើង​រំភើប​ពី​អ្វីមួយ។ រីឯ ផ្ទះ​កន្តាំង​បី​ខ្នង បង​ស្រឡាញ់​រឿង​នេះ ដោយសារតែ​សាច់រឿង​មាន​បែប​កំប្លែង ពីរោះ បន្ថែម​ដោយ​ចម្រៀង ឃ្លាឃ្លោង​សរសេរ​បាន​ល្អ ហើយ​ធ្វើ​ឱ្យ​យើង​មាន​អនុស្សាវរីយ​ល្អជា​មួយ​សាច់រឿង ដែល​អ្នកនិពន្ធ​បង្កើត​សម្រាប់​យើង។ ចំណែក​ឯ រឿង Planet E បទពិសោធន៍​ដែល​ទទួល​បាន​គឺ​ការ​និយាយ​ពី​បញ្ហា​បរិស្ថាន និង​ផង​វិបាក​នា​ថ្ងៃ​អនាគត ឱ្យ​យើង​មានការ​ប្រយ័ត្ន​ប្រយែង។»

តាមរយៈ​កម្មវិធី«អំណាន​ក្នុង​អនាគត» អ្នកចូលរួម នឹង​បាន​ស្ដាប់​អ្នកនិពន្ធ​អាន​ស្នាដៃ​និពន្ធ​ថ្មី​នេះ​ដោយ​ផ្ទាល់។ ហើយ​ទស្សនិកជន​ក៏​មានឱកាស​ចូលរួម​ចែករំលែក​ចំណាប់​អារម្មណ៍ និង​សួរ​សំណួរ​ទៅកាន់​អ្នកនិពន្ធ​ផង​ដែរ។ 

«បទពិសោធន៍​សម្រាប់​អ្នកស្ដាប់ អាច​នឹង​ចូលរួម​រៀន​អ្វី​ដែល​ថ្មី ពី​របៀប​ប្រើប្រាស់​សិល្ប៍វិធី​ ក្នុង​ការ​សរសេរ​ដែល​ប្លែក​ខុស​ពី​អ្វី ដែល​យើង​ធ្លាប់​ឃើញ​រាល់ដង។ មួយទៀត អ្នក​ស្តាប់​គាត់​នឹង​បាន​រៀន​ពុទ្ធិ​ដែល​អ្នកនិពន្ធ​ចង់​ផ្ដល់​ឱ្យ និង​ប្រាប់​អ្នកអាន​ថា អ្នកនិពន្ធ​ចង់និយាយ​ពី​អ្វី។ សម្រាប់​ខ្ញុំ​ផ្ទាល់ ពេល​អាន​ហើយ​បាន​ធ្វើ​ឱ្យ​ចាក់ដោត​អារម្មណ៍ ដែល​ជា​អ្វី​យើង​អាច​យក​មក​ពិចារណា ក្នុង​ជីវិត​រស់នៅ​ជាក់ស្ដែង ថា​គួរ​ផ្ដោត​លើ​អ្វី​ជាជាង​បណ្ដែត​ខ្លួន​រវើរវាយ។» នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកនាង សុធា​រី។ 
អ្នកនាង សុធា​រី បាន​យល់ឃើញ​បន្ត​ថា៖ «អ្នកនិពន្ធ​គឺ​សរសេរ នៅ​ពេល​គាត់​ឃើញ​អ្វីមួយ​ដែល​ប្លែក ពី​អ្វី​ដែល​យើង​មើល​មិនដល់ ដូចជា​ចន្លោះប្រហោង​ដែល​យើង​មើល​មិន​ឃើញ។ ពេល​ដែល​បាន​ស្ដាប់​នៃ​សាច់រឿង​នោះ យើង​អាច​យល់​នូវ​អ្វី​ដែល​មិនដែល​ដឹង​ពី​មុន​មក។ ហើយ​ការ​ស្ដាប់​ល្ខោន​អំណាន​នេះ ក៏​ជា​ការកម្សាន្ត​ជាមួយ​សិល្ប៍វិធី ដែល​អ្នកនិពន្ធ​បាន​ណែងណង​ផង ព្រមទាំង​បាន​រៀន​អ្វី​ដែល​ថ្មី​ផង​ដែរ។» 
នេះ​ជា​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​មួយ ដែល​បាន​ផ្ដល់​ឱកាស​ដល់​អ្នកនិពន្ធ​បង្ហាញ​ស្នាដៃ​និពន្ធ​ថ្មី​របស់​ខ្លួន។ កម្មវិធី​នេះ​នឹង​ផ្ដល់​ឱ្យ​អ្នកនិពន្ធ ស្គាល់​ពី​អ្នកអាន និង​ទទួល​ព័ត៌មាន​ត្រប់​មកវិញ​អំពី​សាច់រឿង​របស់​គាត់។ កម្មវិធី​នេះ​ជា​វេទិកា​មួយ​ដ៏​ល្អ សម្រាប់​អ្នកតែង​និពន្ធ ជាពិសេស​អ្នកនិពន្ធ​វ័យក្មេង ដែល​ចង់​សរសេរ​អ្វី​ដែល​ថ្មី​ប្លែក មិនទាន់​មានការ​សរសេរ​ពីមុន មិន​មានការ​ការ​ចម្លង​សរ​សេរ​ដដែលៗ។  
អ្នកនាង សុជាតា បាន​ផ្ដល់​សារ​ដល់​អ្នកនិពន្ធ​គ្រប់រូប​ថា៖ «ការ​សរសេរ មិនមែន​មានតែ​ប្រលោមលោក​នោះ​ទេ។ គឺ​មាន​ច្រើនបែប​ច្រើនយ៉ាង ដូចជា​ការ​សរសេរ​ជា​សំឡេង​កុន សំឡេង​វិទ្យុ។ ជាពិសេស​មិនគ្រាន់​តែ បោះ​ពុម្ព​ជា​សៀវភៅ​នោះ​ទេ ថែមទាំង​មាន​កា​របោះ​ពុម្ព​សៀវភៅ​អនឡាញ (E-book)។ ដូចនេះ​ការ​បើកទូលាយ ការ​បើកចំហ​នៅ​ពិភព​ខាងក្រៅ ធ្វើ​ឱ្យ​មានការ​និពន្ធ​ដោយ​ច្នៃ​ប្រតិដ្ឋ ប្លែក ថ្មី មិន​ចម្លង​ពី​ស្នាដៃ​អ្នក​ទៃ។» 

កម្មវិធី «អំណាន​ក្នុង​អនាគត» នឹង ប្រព្រឹត្តិ​ទៅ​ដោយសេរី​តាម​អនឡាញ​ នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ម៉ោង ២៖០០ រសៀល ដោយ​ចុះឈ្មោះ​ចូលរួម​តាម​តំណ​ភ្ជាប់​នេះ៖ https://forms.gle​/1NY5CkCr4MpFPEV5A

ខ្លីៗអំពី​ចំណាប់អារម្មណ៍​របស់គណៈកម្មការ​ចំពោះរឿងទាំង៤៖

ស្នាដៃ​រឿង «អុកចត្រង្គ» និពន្ធ​ឡើង​ដោយ កន្យា ប៉ុបអែណេ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​សារ​ដែល​អ្នកនិពន្ធ​ផ្ដល់​ទៅកាន់​អ្នក​ស្ដាប់​ឬ​អាន។ សាច់រឿង​នេះ ចង់​បង្ហាញ​ថា ការដែល​ពូកែ គឺ​មិនមែន ដើម្បី​ជិះជាន់​និង​ដឹកនាំ​អ្នកដទៃ​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ធ្វើការ​ជា​ធ្លុងមួយ ជាមួយ​នឹង​អ្នក​ផ្សេងទៀត។ អ្នកនិពន្ធ​បាន​យក​ការ​លេងអុក ជាឧទាហរណ៍​ពី​ការរស់នៅ​ក្នុង​សង្គម ដែល​មាន​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​ឯកតា​នី​មួយៗ។

ស្នាដៃ​រឿង «ចាប​សំបុក» និពន្ធ​ឡើង​ដោយ ស រ៉ាន់​ដា។ រឿង​នេះ​មាន​លក្ខណៈ​ខ្លី​តែ​ខ្លឹម ដែល​ផ្ដល់​ជា​ទំនាយ​ច្រើន។ អ្នកនិពន្ធ បាន​យក​សត្វ​ចាប​ជា​តួអង្គ ដែល​រៀបរាប់​ពី​ការ​ការបំផ្លាញ​ព្រៃឈើ ការរស់នៅ​របស់​មនុស្ស និង​ជីវិត​សត្វ។ សារសំខាន់​សម្រាប់​រឿង​នេះ​គឺ អ្វីៗ​ទាំងអស់​មិន​ទៀង​ឡើយ ពេលខ្លះ​អ្វី​ដែល​ខំប្រឹង​យ៉ាង​លំបាក តែ​ចុងក្រោយ​ក៏​អាច​បាត់បង់​ទៅ​បាន​ដែរ។

ស្នាដៃ​រឿង «ផ្ទះកន្តាំង​បី​ខ្នង» និពន្ធ​ឡើង​ដោយ ជា តុង​ហៃ។ ចំពោះ​រឿង​នេះ ពេល​អាន​ដូច​នាំ​អារម្មណ៍ ទៅ​កន្លែង​ក្នុង​រឿង​អញ្ចឹង ដែល​កើតឡើង​ក្នុង​ខេត្ត​ក្រចេះ តាម​ដងទន្លេ​មេគង្គ។ អ្នកនិពន្ធ​បាន​ធ្វើ​ឱ្យ​អ្នកអាន ឆ្ងល់​ចង់​អាន​បន្ត។ សម្រាប់​សារ​ក្នុង​សាច់រឿង និយាយ​ពី​ជីវិត គឺ​ត្រូវ​មានការ​ច្នៃ​ប្រតិដ្ឋ។ កុំ​អង្គុយ​រង់ចាំ​ពេលវេលា ត្រូវ​មានគំនិត​ផ្ដួចផ្ដើម ប្រសិនបើ​ចង់​មាន​ភាព​រីកចម្រើន។

ស្នាដៃ​រឿង «Planet E» និពន្ធ​ឡើង​ដោយ ឡាយ ឈុ​នយី។ រឿង​នេះ​មាន​លក្ខណៈ​ប្លែក ដែល​និយាយ​ពី​ដំណើរ​របស់​រ៉ូប៉ូ​ត ចុះ​មក​មើល​និង​រៀបរាប់​ពីរ​បៀប​រស់​នៅ​លើ​ផែនដី។ អ្នកនិពន្ធ​សរសេរ​បែប​ប្រមើល​មើល​ទៅ​ថ្ងៃ​អនាគត ដែល​ពាក់ព័ន្ធ​នឹង​បរិស្ថាន និង​ជីវិត​របស់​មនុស្ស។ សម្រាប់​អត្ថន័យ​សំខាន់​ក្នុង​រឿង​នេះ គឺ​មនុស្ស​បំផ្លាញ​ធនធាន​ធម្មជាតិ ខណៈ​ពេល​ដែល​មនុស្ស​ដឹង​ថា អ្វី​សម្រាប់​ទ្រទ្រង់​ជីវិត​គឺ​ធម្មជាតិ។ 

Comments