មកស្គាល់ស្នាដៃនិពន្ធថ្មីនៃល្ខោននិយាយ ក្នុងកម្មវិធីល្ខោនអាន «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»

 

អ្នកនឹងបានស្គាល់ទេពកោសល្យថ្មីៗ និងរសជាតិផ្សេងៗគ្នានៃលោ្ខននិយាយនិពន្ធថ្មី តាមរយៈកម្មវិធីល្ខោនអាន «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» នា​ថ្ងៃទី២៥ ខែ​កុម្ភៈ វេលា​ម៉ោង ៥:៣០ ដល់ ៦:៣០ នៅ​វិចិត្រសាល សិល្បៈត្រជាក់ភ្នែក

ដោយ សុខ ម៉ូលីនណា

នៅ​ពេល​ដែល​និយាយ​អំពី​វិស័យ​ល្ខោន​នៅ​កម្ពុជា ល្ខោននិយាយ ជា​រឿយៗ​ត្រូវ​បាន​មើល​រំលង​ពីសំណាក់​មនុស្សជា​ច្រើន។ ទម្រង់​ល្ខោន​និយាយ​ ដែល​មានការ​សម្ដែង​ផ្ទាល់​លើ​ឆាក កាយវិការ​និង​សន្ទនា​រស់រវើក ជាមួយ​សាច់រឿង​ដែល​ស្ដែង​ពី​ទិដ្ឋភាព​សង្គម ជារឿយៗ​ មិន​មាន​កាលវិភាគ​សម្ដែង​​ជា​ប្រចាំ​ នៅ​កម្ពុជា​​ឡើយ។ 


យ៉ាងណាមិញ ក៏​នៅ​មាន​កិច្ច​ផ្ដួចផ្ដើម​នានា ដើម្បី​ខិតខំ​ស្វះស្វែង​បន្ត ទាញ​ចំណាប់​អារម្មណ៍​ប្រជាជន​កម្ពុជា មក​ក្រឡេក​មើល​វិស័យ​ល្ខោន​និយាយ​នេះ ក្នុង​រូបភាព​ថ្មី។ កន្លងមក​នេះ​  អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក៏បាន​ចូលរួម​ចំណែក​ក្នុង​ដំណើរ​នេះ​ផង​ដែរ ដោយ​បាន​បង្កើត​នូវ​វេទិកា ឬ​សិក្ខាសាលា សម្រាប់​អ្នក​ដែល​ស្រឡាញ់​វិស័យ​នេះ ដើម្បីឲ្យ​ពួក​គេ​មានឱកាស បាន​អភិវឌ្ឍ​ជំនាញ ដើម្បី​បន្ត​រក្សា​ទម្រង់​ល្ខោន​ដ៏​មានគុណ​តម្លៃ​មួយ​នេះ។ 


កាលពី​អំឡុង​ឆ្នាំ ២០២១ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ សហការ​ជាមួយ​លោក ភូ ហ្សង់-បា​ទី​ស្ត៍ ដែល​ជា​អ្នកនិពន្ធ និង​អ្នកដឹកនាំ​ល្ខោន ខ្មែរ​កាត់​បារាំង​ដ៏​ល្បីល្បាញ​មួយ​រូប​នេះ បាន​រៀបចំ​សិក្ខាសាលា​មួយ អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ និង​អភិវឌ្ឍ​អត្ថបទ​ល្ខោន។ ហើយ​នៅ​ក្នុង​កម្មវិធី«រដូវ​វប្បធម៌» ឆ្នាំ២០២២នេះ ដែល​ជា​ព្រឹត្តិ​ការណ៍​សិល្បៈ​វប្បធម៌​ប្រចាំ​ឆ្នាំ របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នឹង​បង្ហាញ​ស្នាដៃ​ល្ខោននិយាយ​និពន្ធ​ថ្មី​ចំនួន​បួន​រឿង ដែល​ជា​ផ្លែផ្កា​ពី​សិក្ខាសាលា មក​បង្ហាញ​ក្នុង​កម្មវិធី ល្ខោន​អាន នា​ថ្ងៃទី២៥ ខែ​កុម្ភៈ​នេះ។


ក្រោម​ប្រធានបទ «ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក» អ្នកទស្សនា​នឹង​បាន​មើល​ឃើញ ពី​ការ​អភិវឌ្ឍ​នៃ​ទេព​កោ​សល្យ​ថ្មីៗ និង​រស​ជាតិ​ផ្សេង​ៗ​គ្នា​នៃ​អត្ថបទ​ល្ខោននិយាយ​និពន្ធ​ថ្មី ដែល​អ្នកនិពន្ធ​នី​មួយៗ បាន​ជ្រើស​យក​ទិដ្ឋភាព​ជាក់​ស្តែង​ក្នុង​សង្គម មក​បង្កើត​ជា​សាច់រឿង។ រឿង​ទាំង៤ ដែល​នឹង​យក​មាន​សម្ដែង រួមមាន បេះដូង​នាដ​ការ កញ្ចក់​លើ​ដង​វិថី កម្មពៀរ​ឬ? និង បុគ្គល​ជោគជ័យ។ សិល្បករ​នឹង​បង្ហាញ​ឈុត​ខ្លី​នៃ​រឿងល្ខោន​របស់​ពួក​គេ​នី​មួយៗ ដែល​មាន​រយៈពេល១៥នាទី។ 


លោក គាត សុ​ខគីម ដែល​ជា​គ្រូបង្រៀន​ភ្លេង​ម្នាក់ បាន​ជ្រើស​យក​បញ្ហា​មួយ ដែល​យុវជន​ខ្មែរ ឧស្សាហ៍​ជួបប្រទះ នោះ​គឺ​ចង់​រៀន​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ និង​ជំនាញ​ដែល​បំពេញ​បំណង​គ្រួសារ។ 


លោក​បាន​និពន្ធ​រឿង «បេះដូង​នាដកា» ដែល​និយាយ​អំពី​តួអង្គ ស្រី​ទូច ចង់​ក្លាយ​ជា​អ្នក​រាំ ប៉ុន្តែ​ម្ដាយ​របស់​នាង​ចង់​ឱ្យ​នាង​ធ្វើអ្វី​ផ្សេង។ ហើយ​ពេល មីង ធា​វី ដឹង​ថា ស្រី​ទូច បោះបង់​ការសិក្សា​ផ្នែក​ធនាគារ ដើម្បី​ទៅ​រៀន​រាំ នាង​ខឹង​សម្បារ ហើយ​បណ្តេញ​កូនស្រី​ចេញពី​គ្រួសារ។ 


«សារ​ដែល​សំខាន់​នោះ​គឺ​មាន​ពីរ ដែល​ខ្ញុំ​ចង់​ពញ្ញាក់​ស្មារតី​ទស្សនិកជន​ដែល​ជា​អ្នកអាន ឱ្យ​គាត់​គិត​អំពី​ជម្រើស​នៃ​ជីវិត រវាង​ជំនាញ​តែ​គាត់​ស្រឡាញ់ និង​ជំនាញ​ដែល​រកលុយ​បាន។ ទីពីរ​គឺ​សម្រាប់​សិល្បករ អ្នក​ដែល​គាត់​ធ្វើការ​នៅក្នុង​វិស័យ​របាំ​ហ្នឹង។ ក្រៅពី​ប្រើប្រាស់​វា[របាំ] សម្រាប់​គោលបំណង​សិល្បៈ តើ​យើង​អាច​ផ្សារភ្ជាប់​របាំ​ហ្នឹង ជាមួយ​នឹង​ជីវិត​ជាក់ស្ដែង​របស់​យើង​ជាប្រចាំ តាម​បែប​រូបភាព​ណា​ផ្សេងទៀត​ដែរ​ឬទេ» នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក សុ​គីម។ 


សម្រាប់​លោក​សុ​គីម ល្ខោននិយាយ គឺជា​សិល្បៈ​មួយ​បែប ដែល​ធ្វើឲ្យ​អ្នកទស្សនា​ឆ្លុះបញ្ចាំង ទាក់ទិនទៅនឹង​ទិដ្ឋភាព​សង្គម​បាន ហើយ​ពួក​គេ​អាច​ទទួល​បាន​នូវ​ចំណុច​អប់រំ​តាមរយៈ​ទស្សនីយភាព ដែល​ធ្វើឲ្យ​ជីវិត​ប្រចាំថ្ងៃ​របស់​គាត់​មាន​ភាព​ប្រសើរ​ជាង​មុន។ 


អ្នកនិពន្ធ​រូប​នេះ មានបំណង​ចង់​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ល្ខោននិយាយ​នេះ ដោយ​លោក​មាន​គម្រោង​ចង់​ផ្សា​ភ្ជាប់​ល្ខោននិយាយ​នេះ ទៅ​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​មានស្រាប់។  

«គោលបំណង​ដែល​ធំ​មួយទៀត​ហ្នឹង គឺ​ខ្ញុំ​ចង់​បង្កើត​នូវ​ទម្រង់​ល្ខោន​តន្ត្រី ដែល​យើង​រួមបញ្ចូល​ល្ខោន​អាន​ឬ​និយាយ ជាមួយ​នឹង​តន្ត្រី​នៅ​ក្នុង​ហ្នឹង​ដែរ» លោក សុ​គីម បញ្ជាក់។ 

 

រឿង «កញ្ចក់​នៅ​លើ​ដង​ផ្លូវ» និយាយ​ពី​ប្ដី​ប្រពន្ធ​មួយ​គូ ឈ្លោះ​គ្នា ខណៈ​ពេល​ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវ​មមាញឹក។ រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង ទិដ្ឋភាព​ដែល​កើតឡើង​នៅ​លើ​ដង​ផ្លូវ មាន​ដូចជា កង្វះ​សុជីវធម៌​របស់​មនុស្ស​មួយ​ចំនួន ដែល​មិន​គោរព​អ្នកធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​ដូចគ្នា។ 


«សារ​ដែល​ខ្ញុំ​ចង់​បង្ហាញ​ក្នុង​សាច់រឿង​នេះ​គឺ ទង្វើ​ដែល​យើង​ធ្វើ​រាល់ថ្ងៃ​ជាប្រចាំ វា​អាច​ក្លាយ​ជា​ទម្លាប់ ហើយ​ទម្លាប់​អាច​ក្លាយ​ជា​ប្រពៃណី។ ដល់​ជំនាន់​ក្រោយ ពេល​ដែល​គាត់​ឃើញ​ទង្វើ​បែប​ហ្នឹង គាត់​គិត​ថា​ជា​រឿង​ធម្មតា​វិញ»នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកនិពន្ធ ចាន់ ពិសី។  


លោកស្រី ចាន់ ពិសី ដែល​បច្ចុប្បន្ន​ជា​វិចិត្រករ​និង​ជា សិល្បករ​ឯករាជ្យ​ផ្នែក​ក្រាហ្វិក​និង​គំនូរជីវចល បាន​ចូលរួម​សិក្សា​សិក្ខាសាលា​អំពី​ល្ខោននិយាយ​នេះ ដោយសារ​ខ្លួន ចង់​សិក្សា​ស្វែងយល់​ពី​ល្ខោន​ប្រភេទ​នេះ នៅ​កម្ពុជា។ 

«ក្មេង​ជំនាន់​ក្រោយ គាត់​មិនសូវ​ស្គាល់​ល្ខោន​អាន​ទេ។ ដោយ​បញ្ហា​ចម្បង​នឹង គឺ​ការ​ផ្សព្វផ្សាយមិនសូវ​ទូលំទូលាយ​ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ស្គាល់​ពី​អត្ថ​ប្រយោជន៍ ក៏ដូចជា​គុណសម្បត្តិ​នៃ​ល្ខោន ខ្ញុំ​ជឿ​ថា​មនុស្ស​គ្រប់គ្នា​នឹង​ចាប់អារម្មណ៍» នេះ​គឺ​សម្ដី​របស់​លោកស្រី ពិសី បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ពិត​យ៉ាង​ដូច្នេះ។ 


នៅ​ក្នុង​ដំណើរការ​និពន្ធ លោកស្រី​បាន​រៀបរាប់​ពី​ដំណើរ​នៃ​ការ​ចេញ​នូវ​គំនិត និង​ការ​អភិវឌ្ឍ​សាច់រឿង​នេះ​ថា៖ «លោកគ្រូ គាត់​ពូកែ​ក្នុង​ការ​បំផុស​គំនិត​យើង ស្វែងរក​គំនិត​ថ្មី ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន គំនិត​យើង​គិត​អត់​ចេញ គាត់​ពូ​កែ​ឆ្កឹះ​យើង​ឲ្យ​ចេញ​គំនិត​ផ្សេង»។ 


ជាមួយគ្នា​នេះ​ដែរ អំឡុង​ពេល​ដែល​លោកស្រី​អភិវឌ្ឍ​គំនិត​នៃ​សាច់រឿង​នេះ លោកស្រី​ក៏បាន​ប្រទះ​ឧបសគ្គ​ទាក់ទង​ការ​បញ្ចូល​សាច់ភ្លេង និង​ការ​រៀប​ពាក្យពេចន៍ ដើម្បីឲ្យ​សាច់រឿង​ស្ដាប់​ទៅ បង្ហាញ​ក៏ដូចជា​បន្ថែម​នូវ​អារម្មណ៍។ លោកស្រី​ចាន់ ពិសី បាន​លើកឡើង អំពី​ធាតុ​សំខាន់ៗ​រួម​បញ្ចូល ការ​និយាយឆ្លង​ឆ្លើយ​គ្នា សាច់ភេ្លង និង ជាពិសេស​កាយ​វិការ ដែល​ធ្វើឲ្យ​ល្ខោននិយាយ​នេះ​រស់រវើក​ជាង​មុន។ 


ដោយមាន​ចំណង់​ចំណូល​លើ​ការ​សរសេរ​ស្រាប់ ជាពិសេស​លើ​ការ​តែងកំណាព្យ កញ្ញា ថា ស្រី​នុ​ត ដែល​បច្ចុប្បន្ន​ជា​ជំនួយការ​ផ្នែក​វប្បធម៌​និង​ព័ត៌មាន នៅ​ស្ថានទូត​ជប៉ុន​  មាន​ចំណាប់​អារម្មណ៍ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ក្នុង​ការ​សរសេរ​ល្ខោននិយាយ។ សម្មិផល​របស់​កញ្ញា ស្រី​នុ​ត ចេញពី​សិក្ខាសាលា​មួយ​នេះ គឺ​រឿង «កម្ម​ពារ​ឬ?»។


រឿង «កម្ម​ពារ​ឬ?» និយាយ​ពី​ទង្វើ​របស់​ឪពុក​មិន​ទទួលខុសត្រូវ ធ្វើឲ្យ​កូនស្រី​ពៅ​ជំពាក់​បំណុល​គេ។ ប៉ុន្តែ​តើ​វា​ជា​កំហុស​របស់​អ្នកណា? កូនស្រី​ច្បង​របស់​គាត់​ច្បាស់​ណាស់​ថា ឪពុក​របស់​គាត់​ជា​អ្នកទទួល​ខុសត្រូវ ចំពោះ​ភាព​រញ៉េរញ៉ៃ​ដែល​ខ្លួន​ជួបប្រទះ។ ប៉ុន្តែ​ម្តាយ​របស់​គាត់ បាន​បន្ទោស​ថា វា​ជា​កម្មពៀរ ហើយ​កាន់តែ​ធ្លាក់ទឹក​ចិត្ត​ទៅៗ ចំពោះ​ជោគវាសនា​របស់​គ្រួសារ។ អ្នកនិពន្ធ​រូប​នេះ​បន្ត​ថា បញ្ហា​នេះ​គឺជា​បញ្ហា​ដែល​កញ្ញា​បាន​មើល​ឃើញ​នៅក្នុង​សង្គម ដោយ​បំណុល​របស់​មនុស្ស​មួយ​ចំនួន គឺ​វា​កើត​ចេញពី​ទង្វើ​របស់​ពួក​គាត់​ផ្ទាល់។ 


«ធម្មតា​ពេល​យើង​មាន​បញ្ហា​មនុស្សយើង​ចូលចិត្ត​និយាយ​ថា កម្ម​ពី​ជាតិមុន​ហើយ ដែល​ធ្វើ​ឱ្យ​យើង​ជួប​រឿង​មិនល្អ​អញ្ចឹង ពាក្យសំដី​បែបនេះ វា​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​មែន ប៉ុន្តែ​វា​មិនសូវ​ខ្លួន​ដោះស្រាយ​ភាព​ពិតប្រាកដ​របស់​យើង​ឡើយ។» 


កញ្ញា បាន​បង្ហើប​ពី​គោលបំណង​នៃ​ល្ខោននិយាយ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​អ្នកទស្សនា​គិត​ឡើងវិញ ពី​ទង្វើ​របស់​យើង​ប្រចាំថ្ងៃ ហើយ​ចូលរួម​បំបាត់ ឬ​កាត់​បន្ថយ​ការ​ពោល​ពាក្យ​កុហក ទោះបីជា​ពេលខ្លះ​ពាក្យ​កុហក​ដើម្បី​អំពើល្អ​ក៏ដោយ។ ក៏​គួរតែ​គិតរក​វិធី​ផ្សេងៗ តាមរយៈ​ការ​ពោល​ពាក្យពិត​ស្មោះត្រង់ វា​មិនល្អ​ជាង​ឬ​យ៉ាងណា?» 


ដោយ​ឡែក​សម្រាប់​រឿង​ «បុគ្គល​ជោគជ័យ​» ដែល​ត្រូវ​បាន​អភិវឌ្ឍ​ សម្រាប់​ការ​សម្ដែង​ពេញ​ជា​ល្ខោន​និយាយ​ ក៏​ត្រូវ​បាន​លើក​យក​មក​សម្ដែង​ឡើង​វិញ​ នៅ​ក្នុង​កម្មវិធី​អាន​អត្ថបទ​ល្ខោន​​ផង​ដែរ។ ​


កម្មវិធី​ល្ខោន​អាន​ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៥ ខែ​កុម្ភៈ វេលា​ម៉ោង ៥: ៣០ ដល់ ៦: ៣០ នៅ​វិចិត្រសាល សិល្បៈត្រជាក់ភ្នែក ហើយ​ការ​ចូល​ទស្សនា​គឺ​ឥតគិតថ្លៃ​។

Comments