«បណ្តុះ​ដុះ ដំ​កំពៀច ចុង​ហើយ ដក​ណៅ​ចេ» គឺជាស្នាដៃសិល្បៈរបាំ ដែល​សហការរួមគ្នារវាង​ របាំ​សហសម័យ​ និង​របាំនៃសហគមន៍​ជនជាតិដើម​កួយ

 ដោយ សុខ ម៉ូលីនណា
 «ចុង​ហើយ ដក​ណៅ​ចេ (បណ្តុះ​ដុះ ដំ​កំពៀច)»  គឺជាស្នាដៃសិល្បៈរបាំ ដែល​សហការរួមគ្នារវាង​ របាំ​សហសម័យ​ និង​របាំនៃសហគមន៍​ជនជាតិដើម​កួយ ដើម្បីឆ្លុះបញ្ចាំង​អំពី​ទំនៀមទម្លាប់ ប្រពៃណី និងការរស់នៅយ៉ាងជិតស្និទ្ធិជាមួយនឹងធម្មជាតិ។ 
ក្រោមប្រធានបទរដូវវប្បធម៌ឆ្នាំ ២០២២ជាមួយប្រធានបទ - «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»។ អ្នកជំនាញសិល្បៈពីររូបបានចូលរួមដៃបង្កើតសិល្បៈរបាំមួយក្រោមចំណងជើងថាជាភាសាកួយ « ចុង​ហើយ ដក​ណៅ​ចេ» ឬជាភាសាខ្មែរ (បណ្តុះ​ដុះ ដំ​កំពៀច) ដែលមានន័យថា ការយកចិត្តទុកដាក់ដាំដុះ និងថែរក្សាធនធានធម្មជាតិ អាចធ្វើឱ្យមានការលូតលាស់ ដែលអាចជាប្រយោជន៍នៅថ្ងៃអនាគតសម្រាប់យើងទាំងអស់គ្នា។ ប៉ុន្តែបើអ្នកនៅតែធ្វើការព្រងើយកន្តើយ និងបំផ្លាញធនធានទាំងអស់នោះ វានឹងតបស្នងអវិជ្ជមាន ដល់យើងទាំងអស់គ្នានៅថ្ងៃអនាគតវិញ។
របាំនេះ ជាសមិទ្ធិផលស្នាដៃរបស់កញ្ញា ជុំ​វណ្ណ សូ​ដា​ជីវី ហៅថា ប៊ែល នាដការបាំសហសម័យ​​​​​​  និងជាគ្រូបង្រៀនផ្នែកដឹកនាំទម្រង់​របាំបុរាណនិងសហសម័យ នៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ និង​លោកស្រី ខា ស្រស់ គឺជា​សិល្បៈ​ករ និងជា​អ្នក​ប្រឹក្សា​សិល្បៈ​ផ្នែក​របាំ​ជនជាតិ​ដើមកួយមួយរូប ​មក​ពី​ខេត្ត​ស្ទឹងត្រែង។ 
​ទំនៀមទម្លាប់នៃការរស់នៅយ៉ាងជិតស្និទ្ធិជាមួយនឹងធនធានធម្មជាតិ និងការអាស្រ័យផលពីធម្មជាតិដើម្បីផ្គត់ផ្គង់ជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមកួយ ​ដូចជា​ការ​ចូលព្រៃ​ប្រមូល​ជ័រទឹកពីដើម​ឈើទាល​ និង​ដើម​ត្រាច​ ក៏ដូចជា​ជំនឿ​ជីវចល​ ការ​សែន​ព្រេន ​និង​ជាន់​អារក្ស​ជាដើម នឹងត្រូវលើកយកមកបង្ហាញនៅក្នុងការសម្តែងរបាំនេះ។
តាមរយៈបទពិសោធន៍រស់នៅក្នុងតំបន់សហគមន៍ព្រៃឡង់ជាយូរឆ្នាំ និងកត់សម្គាល់ពី​ការបាត់បង់​នៃ​​វប្បធម៌ប្រពៃណី ​ក៏ដូចជា​សិល្បៈ​របស់សហគមន៍​ជនជាតិ​ដើម​កួយបន្តិចម្តងៗ អ្នក​ដំឡើង​ស្នា​ដៃ​វ័យ ៦៧ឆ្នាំ​រូប​នេះបាន​នបញ្ជាក់​ថា៖
«ខ្ញុំ​បង្ហាញ​របាំ​នេះ​ក្នុង​គោលបំណង​ថែរក្សា​ និង​លើក​តម្កើង​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​កួយ។» សិល្បករ​របាំ​រូប​នេះ​បាន​បន្ថែម​ទៀតថា «យើង​រៀបចំ​ថែរក្សា​ដើម្បី​ឱ្យ​ក្មេង​ជំ​នាន់​ក្រោយៗ​ឱ្យ​គាត់​ដឹង​ថា​ នេះ​ជា​ប្រពៃណី​របស់​កួយ​កុំ​ឲ្យ​បាត់បង់​ទៀត។» ។
ចំណែកឯកញ្ញា ប៊ែល បាន​បញ្ជាក់​ថា​ ការ​ច្បិច​យកមកបង្ហាញនូវ​ការរស់នៅ​ពី​សហគមន៍​ ជនជាតិដើមកួយ​ ជា​ចំណេះដឹង​ពីជ្រុង​មួយ ដែលគួរឱ្យចាប់អារម្មណ៍​ ហើយមានសារៈសំខាន់ ក្នុងការស្វែងយល់បន្ថែមពីតម្លៃនៃបរិស្ថាន​ និងជីវិតរបស់មនុស្សទាំងក្នុង និងក្រៅសហគមន៍ទាំងមូល។
អ្នក​បណ្ដុះបណ្ដាល​របាំ​សហសម័យ​រូប​នេះ​ ​បាន​លើកឡើង​ពី​ការផ្សាភ្ជាប់​គ្នា​រវាង​របាំ​សហសម័យ ​និង​របាំ​កួយ​ថា៖ «ជនជាតិ​កួយ​គាត់​បង្កើត​ការ​រាំ​ការ​ច្រៀង និង​ប្រពៃណី​របស់​គាត់​ពី​ដូនតា តែ​ទន្ទឹម​នឹង​នេះ​ វា​ក៏​ផ្សាភ្ជាប់​ទាក់ទង​ទៅ​នឹង​ជីវិត​រស់នៅ​របស់​ពួក​គាត់​ដែរ។»
ទោះបីជា​សិល្បៈនៃការ​បង្ហាញ ​និង​បច្ចេកទេស​របស់​របាំ​ទាំងពីរ​មានលក្ខណៈខុសពីគ្នាក្តី ប៉ុន្តែ​វាជាក៏សបញ្ជាក់ពីគុណតម្លៃ និងសារៈសំខាន់នៃធម្មជាតិ ដែលប្រៀបបីដូចជាខ្យល់ដង្ហើមសម្រាប់មនុស្សគ្រប់គ្នា។
ដំណើរ​នៃ​ការហាត់​សមនឹង​ការ​បង្កើត​ការសម្ដែង​មួយ​នេះ​ចាប់ផ្ដើម​ពី​ខែ តុលា ឆ្នាំមុន​មក​ម្ល៉េះ។ ទោះបីជានៅ​ក្នុង​បរិបទ​កូ​វីដ១៩ក្តី ក្រុមការងារ និងសិល្បករ​ទាំងពីរនេះ បានជម្នះរាល់ឧបសគ្គទាំងនេះ តាមរយៈការហាត់សមរៀងខ្លួន និងការសិក្សាស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ ដើម្បីបង្កើតទស្សនីយភាពសម្តែងមួយនេះ។
របាំ​ទាំងពីរ​នឹង​បង្កើតរួមគ្នា​ជា​សាច់រឿង​មួយ​ដើម្បី​បង្ហាញពីទំនាក់ទំនងនៃ​​ធម្មជាតិ និងជីវិត ប៉ុន្តែ​ក្នុង​ទម្រង់​មួយ ​ដែល​មិន​បោះបង់​អត្តសញ្ញាណ​ដើម​របស់​របាំ​នី​មួយៗ ហើយបង្កើតបានជាសិល្បៈដ៏រស់រវើកមួយ។​
តាម​បទពិសោធន៍​ការ​បង្កើត​នូវ​របាំ​​នេះ ​កញ្ញា ប៊ែល បាន​សិក្សា​ទាក់ទិនទៅនឹង​​ការរស់នៅ​របស់សហគមន៍​ជន​ជា​តិដើម​កួយ ដោយ​ចូល​ទៅ​មើល​ឃើញ​ពី​ជីវិត​ផ្ទាល់​របស់​ពួក​គាត់ ដូចជា​ការ​​ប្រើ​ប្រាស់​ស្លឹកឈើ​ដើម្បី​ធ្វើជា​ចាន​ហូបបាយ ដែល​ធ្វើ​ឱ្យ​យើង​សង្កេតឃើញ​នៃ​ការ​មិន​បំផ្លាញ​បរិស្ថាន​របស់​សហគមន៍​ជនជាតិ។ បន្ថែម​ពីនេះ កញ្ញា ​យល់ថា វាជាសារក្រើនរំលឹកដាស់តឿនចំពោះមនុស្សគ្រប់គ្នាថា៖ «តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​ដើម្បីកុំឲ្យ​តម្រូវការ​របស់យើង ​ប៉ះពាល់​ទៅ​នឹង​បរិស្ថាន?»
«សារ​នៃ​ការ​សម្តែង​នេះ អាច​រំញោច​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​មើល​ឃើញ​ថា​ ធម្មជាតិ​សំខាន់​សម្រាប់​មនុស្សយើង​ប៉ុណ្ណា អាច​ចិញ្ចឹម​មនុស្សយើង​បាន​ប៉ុណ្ណា។ ក្នុងនាម​ជា​បុគ្គល​ម្នាក់ បើសិនជា​យើង​ធ្វើអំពើ​ល្អ​ថ្ងៃនេះ យើង​នឹង​ទទួល​បានអ្វី​ល្អជា​ការ​តប​ស្នង​យើង​នៅ​ថ្ងៃក្រោយ»
ទន្ទឹម​នឹង​នេះ សិល្បករ​ជើងចាស់​លោកស្រី ខា ស្រស់​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា៖
«ត្រេកអរ ​ដែល​បាន​បង្ហាញ​ពី​អ​ត្ត​សញ្ញាណ​របស់​ជនជាតិ​យើង ​ជា​សម្លៀក​បំពាក់​ ​ភាសា ​ក៏​ដូចជា ​វប្បធម៌ ​និង​ប្រពៃណី​ដើម្បី​ឱ្យ​បងប្អូន​ក្នុង​និង​ក្រៅ​ប្រទេស​ពី​ទំនៀម​ទំ​លាប់​របស់​ជនជាតិ​ឲ្យ​ជួយ​ថែរក្សា​បន្ត​ទៅទៀត»។
ការ​សម្តែង​របាំ «ចុង​ហើយ ដក​ណៅ​ចេ (បណ្តុះ​ដុះ ដំ​កំពៀច)» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ វេលា​ម៉ោង ៦:៣០ ដល់ម៉ោង៧:៣០រសៀល នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន។

Comments