ហួត តារា៖ «អវត្តមាន​វិស័យ​សិល្បៈ​វប្បធម៌ នៅ​ថ្ងៃ​អនាគត​ជា​រឿង​ខុស​ធម្មជាតិ» | Empowering Artists Today

 


ហួត តារា៖​ អវត្តមាន​វិស័យ​សិល្បៈ​វប្បធម៌ នៅ​ថ្ងៃ​អនាគត​ជា​រឿង​ខុស​ធម្មជាតិ

សាក​បិទ​ភ្នែក​របស់​អ្នក ហើយ​ស្រមៃ​មើល​អនាគត​ប្រទេស​កម្ពុជា ដែល​មិន​មាន​វត្តមាន របស់​សិល្បៈ​វប្បធម៌។ តើ​អ្នក​គិតថា​ប្រទេស​យើង នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​បាន​ដែរ​ឬទេ? លោក​ហួត តារា អគ្គ​លេខាធិការ​កា​នៃ​សមា​គម​ស៊ី​កាដា ជឿជាក់​យ៉ាង​មុតមាំ​ថា ការបាត់បង់​នៃ​សិល្បៈ​វប្បធម៌ ប្រៀប​ហ្នឹង​ការបាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន ដែល​វា​ជា​រឿង​ខុស​ធម្មជាតិ​មួយ។ លោក​គិតថា អវត្តមាន​វិស័យ​សិល្បៈ​វប្បធម៌ នឹង​ធ្វើឲ្យ​បាត់បង់​ភាព​ចម្រុះ​នៅ​លើ​ពិភពលោក។

ដោយ បូរិន សុភាវុទ្ធតី



លោក ហួត តារា គឺជា​នាយក​ប្រតិបត្តិ​របស់​សហគ្រាស​សង្គម​ហ្វារ​ផង និង អគ្គលេខាធិការ របស់​សមាគម​ឧស្សាហកម្ម​ច្នៃ​ប្រតិដ្ឋ និង​វប្បធម៌​នៃ​កម្ពុជា​ដើម្បី​អភិវឌ្ឍ និង​ការ​គាំទ្រ (សមា​គម​សុី​កាដា) ផង។


សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ខេត្តបាត់ដំបង បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ធ្វើឲ្យ​មានធនធានសិល្បៈ ​សម្តែង​សៀក​សហសម័យ​នៅ​កម្ពុជា ដែល​នាំឲ្យមាន​ការ រស់​ឡើងវិញ​នៃ​សិល្បៈ​សម្ដែង​សៀក ក្រោយពី ​ធ្លាក់​ដល់​ចំណុចសូន្យ​នៅក្នុង​សម័យ​ប៉ុល ព​ត។ ក្រោម​ការដឹកនាំ​របស់​លោក​នៃ​សហគ្រាស​ សង្គម​ហ្វារ ចាប់ពី​ឆ្នាំ២០១៣មក លោក​បាន​ធ្វើឲ្យ​ការ​សម្ដែង​សៀក​សហសម័យ​របស់​ហ្វារទទួល​បាន​ប្រជាប្រិយភាព​យ៉ាងច្រើន ពី​ក្រុម​អ្នក​ស្រឡាញ់​សិល្បៈ​នៅ​កម្ពុជា និង​ជាពិសេស​ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន ​ធ្វើដំណើរ​ទៅ​ទឹកដី​សៀមរាប និង​បាត់ដំបង។


នៅក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩  សហគមន៍សិល្បៈបានជួបជុំគ្នា ដើម្បីពិគ្រោះរកការគាំទ្រជូនសិល្បករ។ ក្រោយមក ក្រោមការស្វះស្វែងរបស់អង្គការសិល្បៈខ្មែរអមតៈ រហូតបានទទួលជំនួយផ្នែកហិរញ្ញវត្ថុពីអង្គការ UNESCO តំណាងអ្នកដឹកនាំស្ថាប័នសិល្បៈ៥រូប រួមទាំងលោក ហួត តារាផងដែរ បានផ្ដួចផ្ដើមបង្កើតសមាគមសុីកាដាឡើង។ 


ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​លោកតា​រា ក្នុងរយៈពេល៩ឆ្នាំ​កន្លងមក​នេះ សុទ្ធតែ​រួមចំណែក​ដល់​ការ​អភិរក្ស អភិវឌ្ឍន៍ និង​ជាពិសេស​បញ្ចៀស​ការបាត់បង់​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​ថ្ងៃ​អនាគត។


តើ​ស្ថានភាព​សិល្បៈ​វប្បធម៌​ខ្មែរ មាន​ភាព​ផ្លាស់​ប្តូរ​វិជ្ជមាន​អ្វីខ្លះ បើ​ប្រៀបធៀប​រវាង​ពេល​បច្ចុប្បន្ន និង​កាលដែល​បង​ចូល​ធ្វើការ​ក្នុង​វិស័យ​នេះ​ដំបូង?

ក្នុងរយៈពេល៩ឆ្នាំ​កន្លងមក​នេះ បង​ឃើញ​ទាំង​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន និង​អវិជ្ជមាន។ ការ​ក​កើតឡើង​នៃ​ក្រុម​សិល្បៈ​ដែល​មាន​ភាពរឹងមាំ ដែល​បង្កើត និង​បង្ហាញ​ទស្ស​នីយ​ភាព​របស់​ខ្លួនឯង​ជាប្រចាំ ជា​ចំណុច​វិជ្ជមាន។ ឧទាហរណ៍​ល្ខោន​សៀក​កម្ពុជា​ហ្វារ​ផ្ទាល់ និង​សិល្បៈ​ខ្មែរ​អមតៈ​ជាដើម។ ទី២ ការ​ទាមទារ​នូវ​រសជាតិ​ថ្មី​របស់​យុវជន។ យុវជន​នា​ពេល​បច្ចុប្បន្ន គាំទ្រ​អ្វី​ដែល​ជា​ការបង្កើត​ថ្មី ហើយ​ជា​ស្នាដៃ​ដើម។ ឧទាហរណ៍​ក្រុម​សិល្បៈ​បារមី​ជាដើម។ ទី៣ គឺ​ការ​កកើត​នៃ​សិល្បករ​ជំនាន់​ក្រោយ​ជាច្រើន ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត។


ប៉ុន្តែ​យើង​ក៏​មើលឃើញ​ថា ទម្រង់​សិល្បៈ​ខ្មែរ​មួយចំនួន បាន​នឹង​កំពុង​បាត់​បង់​ទៅៗ ដោយ​មិន​មាន Cultural Governance System និង​ខ្វះ​ការយល់​ដឹង​របស់​ប្រជាជន​យើង​នៅ​ការទិញ​សំបុត្រ​ចូល​ទស្សនា។ យើង​ឃើញ​ពី​ការ​អភិវឌ្ឍ។ ហើយ​យើង​សង្ឃឹមថា ការ​អភិវឌ្ឍ​នេះ​នឹង​បន្ត​ជំរុញឲ្យ​ទម្រង់​សិល្បៈ​វប្បធម៌​មួយចំនួន មិន​បាត់បង់​ទៅ ហើយ​ត្រឡប់មកវិញ។ មិន​ត្រឹមតែ​ត្រឡប់មកវិញ​ទេ គឺ​គាត់​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​គាត់​ដែរ។ ព្រោះ​គាត់​ត្រូវ​ភ្ជាប់​ខ្លួន​គាត់ ជាមួយ​យុវជន​សម័យថ្មី និង​ប្រជាជន​សម័យនេះ។ គាត់​មិន​គួរ​ធ្វើ​អ្វី​ដដែលៗនោះ​ទេ។


តើ​លោក​អាច​ស្រមៃ​មើល​ប្រទេស​យើង ដោយ​មិន​មាន​វត្តមាន​សិល្បៈ​វប្បធម៌​បាន​ដែរ​ឬទេ?

វា​មិនមែន​ជា​រឿង​ធម្មជាតិ​នោះ​ទេ ដែល​អត្តសញ្ញាណ​សិល្បៈ​វប្បធម៌​ខ្មែរ ក៏ដូចជា​ជាតិសាសន៍​ណាមួយ ត្រូវ​បាន​បាត់បង់។ ដូចនេះ វា​មានន័យថា មនុស្សជា​អ្នក​បង្ខំ​វា​ឲ្យ​បាត់បង់។ នៅពេល​ធ្វើអ្វី​ដែល​ប្រឆាំង​នឹង​ធម្ម​ជា​តិ​អុីចឹង វា​នឹង​មានផល​ប៉ះពាល់​ច្រើន​កើតឡើង។


បច្ចុប្បន្ន​នេះ ទំនាក់ទំនង​របស់​មនុស្ស​លើ​ពិភពលោក​មាន​ភាព​លឿន និង​ស្រួល​មែនទែន​ដោយ​សា​រអុី​នធឺ​ណិ​ត និងការបង្កើត​យន្តហោះ ដែល​បង្កើត​ឲ្យ​មានការ​អភិវឌ្ឍ​មួយ​ដ៏​ធំ ដែល​ហៅថា Global Citizen (ប្រជាជន​ពិភពលោក)។ ប្រជាជន​មួយចំនួន​មាន​អារម្មណ៍​ថា ពួក​គាត់​ជា​ប្រជាជន​របស់​ពិភពលោក មិនមែន​ជា​ប្រជាជន​របស់​ប្រទេស​ណាមួយនោះ​ទេ។ ប៉ុន្តែ ទោះបីជា​យើង​ក្លាយ​ជា​ប្រជា​ជន​ពិភពលោក យ៉ាងណាក៏ដោយ វា​សំខាន់​ដែល​យើង​ត្រូវតែ​ស្រឡាញ់​ខ្លួនឯង​ជាង​នរណា​ទាំងអស់។


ប្រសិនជា​ថ្ងៃណាមួយ​ប្រជាជន​នៅ​លើ​ពិភពលោក​ទាំងអស់ មិន​មាន​វប្បធម៌​ជាក់លាក់ ដើម្បី​កំណត់​អត្តសញ្ញាណ​ឲ្យ​ច្បាស់ ហើយ​យើង​ក្លាយ​ជា​ប្រជា​នជន​ពិភពលោក​ទាំងអស់ ហើយ​យើង​ដូចគ្នា​ទាំងអស់។ វា​នឹង​បាត់បង់​ភាព​ចម្រុះ​ពណ៌ ដែល​ភាព​ចម្រុះ​ពណ៌​មាន​សារៈសំខាន់​ខ្លាំង​មែនទែន។ ពីព្រោះ​មនុស្ស​ម្នា​ក់ៗសុទ្ធតែ​ខុសគ្នា។


តើ​អ្វីខ្លះ​ដែល​លោក​ចាត់ទុកជា បញ្ហា​ប្រឈម​របស់​សិល្បករ និង​វិស័យ​សិល្បៈ​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន?


យុវវ័យ​របស់​បងធំ​ធាត់​ជាមួយនឹង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​របស់ K-Wave (Korean Wave)។ បង​ចូលចិត្ត​មើល​រឿង​កូរ៉េ ហើយ​ស្តាប់[ចម្រៀង] K-pop ប៉ុន្តែ​បង​មិន​នឹកស្មាន​ថា វា​នឹង​ក្លាយជា Global Phenomenon ដូច​សព្វ​ថ្ងែ​នេះនោះ​ទេ។ ដូចនេះ មើលឃើញ​បទពិសោធន៍​របស់ K-Wave យើង​មើលឃើញ​ថា វា​ជា​ការ​ទទួលស្គាល់ និង​គាំទ្រ​ពី​សំណាក​រាជរដ្ឋាភិបាល និង​អ្នកបង្កើត​គោល​នយោបាយ​ផ្សេងៗ។ ដោយសារ​គេ​មើលឃើញ​ថា K-Wave ឬក៏ Creativity គឺជា​ឧស្សាហកម្ម ៤.០។ ឬ អង់គ្លេស​ហៅថា «Cultural Funding Governance»។ ត្រឡប់​មក​បរិបទ​ស្រុក​យើង​វិញ យើង​ក៏​ត្រូវការការ​គាំទ្រ​បែបនេះ​ដែរ។ Cultural Funding Governance គឺជា​ប្រព័ន្ធ​មួយ​ដែល​ប្រទេស​អភិវឌ្ឍន៍​មាន។ ហើយ​វា​ជា​វិធីសាស្ត្រ ដែល​សិល្បករ​អាច​បានការ​គាំទ្រ។ 

ទី២ គឺ​ការ​ទទួលស្គាល់ និង​យល់ដឹង​ទូទៅ​របស់​ប្រជាជន​នៅក្នុង​ស្រុក អំពី​សារៈសំខាន់ និង​តួនាទី​សំខាន់​របស់​សិល្បករ​ក្នុង​សង្គម។ ពួក​គាត់[ត្រូវ]ទទួលស្គាល់​ថា សិល្បករ​មិនមែន​គ្រាន់តែ​មាន​តួនាទី ធ្វើឲ្យ​យើង​សើច​កំសាន្ត​នោះ​ទេ។ សិល្បករ​ជា​អ្នក​ញាំង​ទឹកចិត្ត ជួយ​ឲ្យ​យើង​រំភើប ជួយ​ជំរុញទឹកចិត្ត ឲ្យ​យើង​ជម្នះ​បញ្ហា​ផ្សេងៗនៅក្នុង​ជីវិត។ ដូច​ខ្ញុំ​រាល់ថ្ងៃ​នៅពេល​ដែល​ខ្ញុំ​ឆ្លងកាត់​ការ​លំបាក ខ្ញុំ​តែងតែ​ទស្សនា​នូវ​សិល្បៈ ឬចំរៀង​ដែល​ជួយ​លើកទឹកចិត្ត​របស់ខ្ញុំ។ ពាក្យ​បច្ចេកទេស​មួយ​ដែល​អង្គការ UNESCOប្រើ គឺ Status of the Artists (តួនាទី​សិល្បករ​នៅក្នុង​សង្គម)។ ប្រសិនបើ​ប្រជាជន​យើង​ចាប់​ផ្តល់​ឲ្យ​តម្លៃ សិល្បៈ​វប្បធម៌​នឹង​រីកចម្រើន​ទៅមុខ។  

ចុងក្រោយ គឺ​ការអប់រំ និង​ឱកាស​ចូលរួម​ក្នុង​សិល្បៈ។ ខ្ញុំ​ធ្លាប់​មានឱកាស​បាន​ទស្សនា​ល្ខោន​មួយ​បែប​នៅ​បរទេស ដែលគេ​ហៅថា «ល្ខោន​វ័យក្មេង» លោ្ខ​ននោះ​គឺជា​ល្ខោន​កូនង៉ា។ តាមរយៈ​បទពិសោធន៍​នេះ យើង​ឃើញថា​គេ​ទទួលស្គាល់​ថា ការ​ទទួល​បាន​នូវ​បទពិសោធន៍​សិល្បៈ ជួយ​ដល់​ការ​រីកចម្រើន​របស់​មនុស្ស។ ហេតុនេះ​ហើយ​ទើប​វប្បធម៌​សិល្បៈ​នេះ វា​នៅ​ជ្រាប​គ្រប់​ដំណាក់កាល​ទាំងអស់។ ដូចនេះ​ហើយ​ទើប​ហ្វារ បាន​បង្កើត​បទពិសោធន៍​សិល្បៈ​ប្លែកៗជាច្រើន។ ប៉ុន្តែ ខ្ញុំ​មើលឃើញ​ថា​ប្រជាជន​យើង មិនទាន់​មានទម្លាប់​ទទួលយក​ពិសោធន៍​ទាំងនោះ តាមរយៈ​ការទិញ​សំបុត្រ​នោះ​ទេ។ ដូចនេះ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ខ្មែរយើង​ចាប់​មើលឃើញ​ថា​សិល្បៈ​មានតម្លៃ ហើយ​រៀន​ឲ្យ​តម្លៃ​វា។

ក្នុង​ការ​អភិវឌ្ឍ​ប្រទេស យើង​ឃើញថា​វិស័យ​សិល្បៈ​មិនមែន​ជា​វិស័យ​អាទិភាព​នៅឡើយ​ទេ។ កត្តា​នេះ​បាន​នាំឲ្យ​ប្រជាជន​ភាគច្រើន​ក៏​មិនសូវ​ឲ្យ​តម្លៃ​ដូចគ្នា​ដែរ។ ដូចនេះ​តើ​យើង​អាច​ធ្វើអ្វី​បាន​ខ្លះ ដើម្បី​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​របស់​មនុស្ស?

ប្រទេស​ដែល​រីកចម្រើន គឺ​គេ​ទទួលស្គាល់ ហើយ​គេ​ចាត់ទុក​វា ជា​តម្រូវការ​មូលដ្ឋាន​គ្រឹះ​នៃ​មនុស្ស។ អ៉ីចឹង​គេ​តែងតែមាន ប្រព័ន្ធ​គ្រប់គ្រង​ថវិកា​ឧប​តម្ភ​សម្រាប់​វប្បធម៌។ មានន័យថា រដ្ឋ​គាត់​យក​វា​ជា អទិភាព។ អ៉ីចឹង​ហើយ​លុយ​ពន្ធ​ដែល​គាត់​ប្រមូល​បាន គេ​បាន​បែងចែក​ទៅដល់​ការ​គាំទ្រ នៃ​ការបង្កើត​បទពិសោធន៍​សិល្បៈ​វប្ប​ធម៌​ថ្មីៗ។


សម្រាប់​ប្រទេស​យើង​វិញ យើង​មើលឃើញ​ថា ប្រជាជនទូទៅ គាត់​មិនទាន់​មើលឃើញ ហើយ​វា​ក៏​មិនទាន់​ជាអាទិភាព​ដល់​អ្នកបង្កើត​គោលនយោបាយ​នៅឡើយ​ដែរ។ ប៉ុន្តែ យើង​ឃើញថា បច្ចុប្បន្ន​នេះ យុវជន​យើង គឺ​គាត់​មាន​សេចក្តី​ស្រែក​ឃ្លាន ការ​ចង់បាន​អ្វី​ដែល​ជា​ច្នៃ​ប្រតិដ្ឋ​របស់​ខ្មែរ។ គាត់​លែង​ចូលចិត្ត និង​គាំទ្រ ការ​ថតចម្លង​ស្នាដៃ​បរទេស​ហើយ។ ឥឡូវនេះ យុវជន​យើង​គាត់​មាន​រសជាតិ​ផ្សេង។ អុីចឹង យើង​ឃើញ​មាន​ចលនា​ដ៏​សំខាន់​នៅក្នុង​សង្គម​របស់​យើង ដែល​ដឹកនាំ​ដោយ យុវជន យុវនារី ដើម្បី​ទាមទារ​នូវ​រសជាតិ ដែល​ពួក​គាត់​ត្រូវការ ហើយ​មា​នមោ​ទនភាព​ទៅលើ​បាន។ ដូចនេះ កម្លាំង​ចលករ​របស់​យុវជន វា​រុញ​ឲ្យ​ចង្វាក់​នៃ​សេដ្ឋកិច្ច​វា​ទៅមុខ​ទៅតាម​នោះ​ដែរ។ ដោយសារតែ​មាន​តម្រូវការ វា​ធ្វើឲ្យ​មាន​ផលិតកម្ម​ដែល​ផ្ដោត​ទៅលើ​ការបង្កើត​អ្វី​ដែល​យុវជន​ត្រូវការ​នោះ។



នៅក្នុង​សង្គម​កម្ពុជា​របស់​យើង ត្បិតថា​យើង​មិនទាន់​មានការ​ទទួលស្គាល់​ពេញលេញ​ថា វប្បធម៌​សិល្បៈ គឺជា​ចំណី​ចក្ខុ ចំណី​សោតៈ ចំណី​ខួរក្បាល​ដូច​អាហារ​ប្រចាំថ្ងៃ​ដែរ។ ក៏ប៉ុន្តែ យើង​កំពុងតែ​ទៅមុខ​ម្តង​បន្តិចៗហើយ។ អ្វី​ដែល​យើង​កំពុង​ធ្វើ​រាល់ថ្ងៃ វា​កំពុង​ធ្វើឲ្យ​វិស័យ​សិល្បៈ​វប្បធម៌​អភិវឌ្ឍន៍​ទៅ​ចំណុច​ល្អ។


វិស័យ​សិល្បៈ​វប្បធម៌​មិន​អាច​រីកចម្រើន ឬដើរទៅ​ដល់​សក្តា​នុ​ពល​ពេញលេញ​ទៅមុខ​នោះ​ទេ ប្រសិនបើ​មិន​មានការ​គាំទ្រ​ពីសា​ធា​រណៈ​ជន។ ក្នុងករណី​នេះ តើ​លោក​គិតថា​យុវជន​ជំនាន់​ក្រោយ អាច​ចូលរួម​គាំទ្រ ឬលើកកម្ពស់​សិល្បៈ​វប្បធម៌​ខ្មែរ​បាន​ដោយ​វិធី​ណាខ្លះ?


វា​ជា​ការចាំបាច់ ដែល​សង្គម​របស់​យើង សំខាន់​បំផុត គឺ​យើង​ត្រូវ​ស្គាល់​ខ្លួនឯង​ឲ្យ​ច្បាស់ ថា​ខ្លួនឯង​ជា​នរណា។ យើង​ឆ្លងកាត់​បទពិសោធន៍​អ្វី។ ភាពជា​ខ្មែរ​មានន័យ​យ៉ាងដូច​ម្តេច​សម្រាប់​យើង។ យើង​ត្រូវ​ដឹង​ថា យើង​ទាំងអស់គ្នា​សុទ្ធតែ​ជា ទូត​សុឆន្ទៈ​របស់​សិល្បៈ​វប្បធម៌​កម្ពុជា។ ដូចនេះ រាល់ពេល​ដែល​ជាតិសាសន៍​ដទៃ​មើល​មក គេ​នឹង​ដឹង​ភ្លាម​ថា យើង​ជាខ្មែរ។ ដូចនេះ យើង​ត្រូវតែ​ជួយ ដោយ​យើង​ទាំងអស់គ្នា​រៀន​ស្គាល់​ថា យើង​ជា​នរណា​ឲ្យ​ពិតប្រាកដ ហើយ​យើង​មាន​អ្វី យើង​មាន​សក្តា​នុ​ពល​អ្វី ដើម្បី​បន្ត​នៅ​ភាព​ឆ្នៃ​ប្រឌិត និង ការ​អភិវឌ្ឍ​នៃ​អត្តសញ្ញាណ​វប្បធម៌​របស់​យើង។ ហើយ​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​យើង​ស្រឡាញ់ ដោយសារតែ​យើង​ខ្លួនឯង​ច្បាស់​ខ្លួនឯង។


«វប្បធម៌​រលត់​ជាតិ​រលាយ» ប្រសិនបើ​យើង​មិន​មាន​អត្តសញ្ញាណ​សិល្បៈ​វប្បធម៌​ខ្លាំង​នោះ​ទេ អ្នកដទៃ​អាច​នឹង​ច្រឡំ​ថា ខ្មែរ​ជា​អ្វី​ឲ្យ​ប្រាកដ។   


អំពី​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត តើ​ស្ថានភាព​បែប​ណា​ដែល​បង​ស្រមៃ​ចង់​ឃើញ?


ទៅ​ថ្ងៃ​អនាគត​អ្វី​ដែល​បង​ចង់​ឃើញ​គឺ​ការបង្កើត​ឱកាស ឲ្យ​ប្រជាជន​បាន​ស្រូប​យក​បទពិសោធន៍​វប្បធម៌​ឲ្យបាន​ច្រើន។ ហើយ​ទន្ទឹម​នឹង​នេះ បង​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​លើ​ការទិញ​សំបុត្រ ដើម្បី​ទទួល​បាន​បទពិសោធន៍​ទាំងនោះ។ មួយទៀត គឺ​បង​សង្ឃឹមថា យើង​នឹង​មាន​ប្រព័ន្ធ​គាំទ្រ​ពី​វិស័យ​សាធារណៈ ដែលគេ​ហៅថា​ប្រព័ន្ធ​ឧបត្ថម្ភ​ផ្នែក​សិល្បៈ។ ចុងក្រោយ គឺ​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​សិល្បៈ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ដែល​មាន​សកម្មភាព​ច្រើន និង​មាន​សាល​សម្តែង ដែល​សិល្បករ​អាច​ប្រើប្រាស់​វា​ជា​ប្រយោជន៍​សិល្បៈ​បាន​៕


សេចក្តី​បញ្ជាក់៖ លោក​ហួត តារា នឹង​ផ្តល់​កិត្តិយស​ចូលរួម​ជា​វាគ្មិន នៃ​កិច្ចពិភាក្សា​មួយ​ក្រោម​ប្រធានបទ «ផ្តល់​សិទ្ធិ​ដល់​សិល្បករ​ថ្ងៃនេះ ពាំនាំ​មក​នូវ​ផលប្រយោជន៍​ដល់​សង្គម​នៅ​ថ្ងៃស្អែក» ជា​កម្មវិធី​នៃ​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ «រដូវ​កាល​វប្បធម៌» របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នៅ​ថ្ងៃទី១១ ខាងមុខនេះ​តាមរយៈ Zoom។


Comments