កិច្ចពិភាក្សាក្នុងកម្មវិធីអក្សរសិល្ប៍ច្នៃប្រតិដ្ឋ «អំណានក្នុងអនាគត»



កិច្ចពិភាក្សាក្នុងកម្មវិធីអក្សរសិល្ប៍ច្នៃប្រតិដ្ឋ «អំណានក្នុងអនាគត» 

ដោយ អ៊ុន វឌ្ឍនា

រដូវ​​វប្បធម៌​ឆ្នាំ ២០២២ មាន​រយៈពេល៣ខែ ​ប្រព្រឹត្តិ​ទៅ​ក្នុង​គោលបំណង​ផ្សព្វផ្សាយសិល្បៈ​វប្បធម៌ ក្រោម​ប្រធានបទ «ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក»។ ព្រឹត្តិ​ការណ៍​សិល្បៈប្រចាំឆ្នាំ​នេះ ផ្ដោត​លើ​កម្មវិធី​ចំនួន​ពីរ​ប្រភេទ គឺ ទីមួយ​ទាក់ទង​នឹង​ការសម្ដែងសិល្បៈទស្សនីយភាព ដូចជា​ការសម្ដែង​ផ្ទាល់ និង​ការ​ចាក់​បញ្ចាំងវីដេអូ​សម្ដែង​ជាដើម និង​ទីពីរ ជា​កម្មវិធី​ចែករំលែក​ចំណេះដឹង មានដូច​ជា​សិក្ខាសាលា កិច្ចពិភាក្សា និង​អំណាន​ជាដើម។

កម្មវិធី​អក្សរសិល្ប៍​ច្នៃ​ប្រតិដ្ឋ «អំណាន​ក្នុង​អនាគត» ក្នុងកម្មវិធីរដូវ​វប្បធម៌​ឆ្នាំ ២០២២ ជា ផ្នែក​មួយ​នៃ​កម្មវិធី​ចែករំលែក​ចំណេះដឹង ដែល​ទើបតែ​បញ្ចប់​ទៅ​កាលពី​ថ្ងៃ១៩ ខែ កុម្ភៈ នៅ​លើ អនឡាញ តាមរយៈ Zoom។ ស្នាដៃ​របស់​អ្នកនិពន្ធ​ឆ្នើម​បួន​រូប ដែល​ត្រូវ​បាន​ជ្រើសរើស​យក​មក​អាន​ផ្ទាល់​រួមមាន «អុកចត្រង្គ» ដោយ កន្យា ប៉ុបអែណេ «ចាប​សំបុក» ដោយ ស រ៉ាន់ដា៖ «ផ្ទះកន្តាំង​បី​ខ្នង» ដោយ ជា តុង​ហៃ និង «Planet E» ដោយ ឡាយ ឈុនយី។

ពួក​គេ​គឺ​ជាជ័យលាភី ពី​កម្មវិធី​ប្រកាស​ជ្រើសរើស​អត្ថបទ​អក្សរសិល្ប៍​ច្នៃ​ប្រតិដ្ឋ ក្រោម​ប្រធានបទ​តែមួយ ជាមួយ នឹង​រដូវ​វប្បធម៌​ឆ្នាំ ២០២២។

«អំពើល្អ​យើង​ធ្វើ​ថ្ងៃនេះ យើង​នឹង​ទទួល​បានផល​តបស្នង​វិញ ទោះបី​រយៈពេល​យូរ ឬ ឆាប់​ក៏ដោយ វា​មិន​អាសាបង់​នោះ​ទេ។» នេះ​ជា​ការយល់ឃើញ​របស់​លោក តុង ហៃ អ្នកនិពន្ធ​រឿង «ផ្ទះកន្តាំង​បី​ខ្នង» ឆ្លុះ​បញ្ចាំង​ទៅលើ​ប្រធានបទ «ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃស្អែក»។ 

រឿង​ផ្ទះកន្តាំង​បី​ខ្នង តួអង្គ​ឯក​សុខា មាន​ក្ដី​ប្រាថ្នា ចង់​លើកផ្ទះ​កន្តាំង​បី​ខ្នង ដើម្បី​ទុក​ស្ដីដណ្ដឹង​ណា​រី ដែល​ជា​អ្នកជិតខាង​របស់​ខ្លួន។ ដំណើររឿង​បាន​និយាយ​ពី​កូន​ផ្សោត​មួយ​ជាប់​មង ដោយ​សុខា​ត្រូវ​សម្រេចចិត្ត​ថា​ត្រូវ​ជួយ ឬ​ត្រូវ​សម្លាប់។ គាត់​បាន​ជួយ​កូន​ផ្សោត​នោះ ដែល​ជា​ទង្វើ​ល្អ​មួយ រហូត១៥ឆ្នាំក្រោយ​មក ក្តី​ប្រាថ្នា​លើ​ផ្ទះកន្តាំង​បី​ខ្នង និង​ចូល​ដណ្ដឹង​ណា​រី​បាន​ដូចគ្នា។ មូលហេតុ​ក្ដី​ប្រាថ្នា​របស់គាត់​ទទួល​ជោគជ័យ ដោយសារ​គាត់​បាន​ផ្លាស់​ប្រែគំនិត​ពី​ការ​សម្លាប់ មក​ថែរក្សា​វិញ ថ្វីត្បិត​មិនបាន​ឱ្យ​ផលភ្លាមៗរហូតដល់១៥ឆ្នាំក្រោយ ទើប​គាត់​អាច​សម្រេច​បាន។

អ្នកនិពន្ធ​ទាំងបួន​រូប​បាន​អាន​ស្នាដៃ​និពន្ធ​របស់​ពួក​គេ ជាមួយ​សំឡេង​ដ៏​ស្រទន់ បត់​បែន​តាម​សកម្មភាព​ដោយ​ការ​បញ្ចូល នូវ​មនោសញ្ចេតនា​តាម​តួអង្គ​នី​មួយៗ ដែល​ធ្វើ​ឱ្យ​អ្នកស្ដាប់ បាន​ចូល​ទៅកាន់​ពិភព​និទាន​របស់​អ្នកនិពន្ធ ដោយ​មិន​ដឹង​ខ្លួន។

ស្នាដៃ​និពន្ធ​ទាំងបួន មិន​ត្រឹមតែ​ផ្ដល់​ជា​ការកម្សាន្ត​ដល់​អ្នកចូលរួម​ប៉ុណ្ណោះ​ទេ ថែមទាំង​បញ្ចូល​លក្ខណៈ​ច្នៃ​ប្រតិដ្ឋ និង​បង្កប់​​សារ​ដាស់តឿន​ជាច្រើន។ ក្នុង​កិច្ចពិភាក្សា​ជាមួយ​អ្នកនិពន្ធ​បី​រូប ដែល​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​អាន​អនឡាញ​នេះ មាន​ចំណុចរួម​មួយ​របស់​ស្នាដៃ​ទាំង​បី គឺ​ផ្ដោត​សំខាន់​លើ​បញ្ហា​បរិស្ថាន​ជា​ចម្បង។

ក្នុង​នោះ អ្នកនិពន្ធ​បាន​យក​បទពិសោធន៍ និង​អនុស្សាវរីយ គួបផ្សំ​ជាមួយ​បញ្ហា​ទាក់ទង​នឹង​បរិស្ថាន ដើម្បី​ចម្រាញ​ចេញ​ជា​សារ​លើកទឹកចិត្ត ក្នុង​ការចូលរួម​ជា​ការ​ថែរក្សា​សម្បត្តិ​ធម្មតា ដែល​ទាក់ទង​នឹង​ប្រធានបទ​ការ​និពន្ធ​បែប​ច្នៃប្រឌិត។ 

អ្នកនាង ស រ៉ាន់ដា កវីនិពន្ធ «ចាប​សំបុក» និពន្ធ​ជា​ទម្រង់​បែប​កម្រងកែវ បាន​រៀបរាប់​ពី​បទពិសោធន៍​របស់​ដើមហេតុ​នៃ​រឿង​ថា៖ «ថ្ងៃមួយ​ពេល​ចេញពី​ធ្វើការ នៅកន្លែង​ផ្ញើ​ម៉ូតូ បាន​ឃើញ​កូនចាប​មួយ ធ្លាក់​ពីលើ​ចុង​ឈើ​មានរបួស ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា សត្វ​ចាប​រស់នៅ​ចុង​ដើមឈើ ហើយ​ចុះបើ​ថ្ងៃណាមួយ​អស់​ដើមឈើ ឱ្យ​គាត់​ទៅ​នៅ​ទីណា ព្រោះ​សត្វស្លាប​ត្រូវការ​សេរីភាព យើង​មិន​អាច​ដាក់​គាត់​ទៅ​រស់នៅ​ក្នុង​ទ្រុង​បានទេ។ អ្វី​ខ្ញុំ​អាច​ធ្វើ​បាន គឺ​ការ​សរសេរ​ជា​សាច់រឿង​នេះ ទោះបី​សត្វ​ចាប​មិនបាន​ប្រាប់​ទុក្ខសោក​មកកាន់​យើង តែ​យើង​អាច​យល់ឃើញ​ពី​ទុក​លំបាក​បំផុត​របស់​គាត់ គឺ​សំបុក។ បើ​គ្មាន​សំបុក​តើ​គាត់​ត្រូវ​នៅ​ទីណា។»

អ្នកនាង រ៉ាន់ដា បាន​បន្ត​ថា៖ «នេះ​ជា​សារ​សម្រាប់​បងប្អូន​ទាំងអស់​គ្នា ដែល​បាន​ស្ដាប់​និង​អាន​អត្ថបទ​នេះ គួរ​ពិចារណា​ក្នុង​ការ​ថែរក្សា​បរិស្ថាន ជាពិសេស​ព្យាយាម​ដាំ​ដើមឈើ ដើម្បី​ការពារ​ពី​គ្រោះ​ធម្មជាតិ​ទាំងអស់​គ្នា និង​ក្មេង​ជំនាន់​ក្រោយ។»

ការ​តាក់តែង​និពន្ធ គឺ​អាស្រ័យ​លើ​ទេព​កោ​សល្យ​រៀងៗខ្លួន អ្នកខ្លះ​ចូលចិត្ត​សរសេរ​ពី​ទិដ្ឋភាព​បែប​ជីវិត​ពិត ដោយ​ការ​យកជីវិត​របស់​នរណា​ម្នាក់​មក​សរសេរ។ អ្នកខ្លះ​ទៀត ចូលចិត្ត​ប្រើការ​ស្រមើស្រមៃ​បែប​ច្នៃ​ប្រតិដ្ឋ ជាជាង​ការ​យក​រឿង​ដដែលៗ​មក​សរសេរ និង​ការកំណត់​ក្បួនច្បាប់​ក្នុង​ការ​សរសេរ។

ឆ្លើយតបទៅនឹង​សំនួរ អំពី​ចំណូលចិត្ត​ក្នុង​ការ​សរសេរ រវាង​បែប​ច្នៃ​ប្រតិដ្ឋ និង​ការ​សរសេរ​បែប​ធម្មតា អ្នកនិពន្ធ​ទាំង៣ បាន​ឯកភាព​ជ្រើសរើស​ការ​សរសេរ​បែប​ច្នៃ​ប្រតិដ្ឋ ដោយសារ​ទម្រង់​នេះ ផ្ដល់​សេរីភាព​ច្រើន ក្នុង​ការ​បង្ហាញ​គំនិត​របស់​ខ្លួន។

«ខ្ញុំ​ចូលចិត្ត​ការ​សរសេរ​បែប​ច្នៃ​ប្រតិដ្ឋ ព្រោះ​យើង​មាន​សេរីភាព​ក្នុង​ការ​គិត និង​ការស្រមើស្រមៃ​ច្រើន ដូច​រូប​ខ្ញុំ​ផ្ទាល់ ស្រមៃ​ដល់​មនុស្ស​ភព​ផ្កាយ។» នេះ​បើ​តាម​អ្នកនាង ឡាយ ឈុនយី អ្នកនិពន្ធ​រឿង «Planet E» លើកឡើង​អំពី​ទំនោរ​ក្នុង​ការ​សរសេរ​របស់​ខ្លួន។

«បើ​សិន​ធ្វើតាម​ក្បួនច្បាប់​ទម្លាប់​ពេក គឺ​ដូច​យកគំនិត​ពួក​ខ្ញុំ​មក​ចងទុក​ក្នុង​ប្រអប់​មួយ​អញ្ចឹង។ ដោយសារ​កម្មវិធី​មាន​ពាក្យ​ថា​ច្នៃ​ប្រតិដ្ឋ ធ្វើ​ឱ្យ​ខ្ញុំ​មានឱកាស​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ទៅកាន់​អ្នកដទៃ ហើយ​អត្ថបទ​ច្នៃ​ប្រតិដ្ឋ​អាច​ជួយ​ដល់​អ្នកស្ដាប់​គិត​ថា ខ្លួន​គាត់​អាច​ច្នៃ​ប្រតិដ្ឋ​បាន​ដូចគ្នា ដែល​ជា​ការ​លើកទឹកចិត្ត​មួយ ដល់​នរណា​ចាប់អារម្មណ៍​ការ​សរសេរ។»

«សិល្បៈ​មិនមែន​មាន​តួនាទី​ផ្ដល់​ការកម្សាន្ត​មួយ​នោះ​ទេ ប៉ុន្តែ​ជា​ការចូលរួម​ចំណែក​មួយ នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម។» នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​សម្របសម្រួល​ក្នុង​កម្មវិធី គឺ​អ្នកនិពន្ធ គីម ឌីណា។

អ្នក​សម្របសម្រួល​រូប​នេះ បាន​បន្ថែម​ថា តាមរយៈ​ការ​សរសេរ​ជា​ស្នាដៃ លើ​ប្រធានបទ​បរិស្ថាន នេះ បាន​លើកកម្ពស់​ចំណេះដឹង ក៏ដូចជា​បង្កើត​ឱកាស​សួរ​សំណួរ​ទៅកាន់​អ្នកអាន ឱ្យ​គាត់​ឆ្ងល់ ពិចារណា ហើយ​អាច​ជា​ការពិភាក្សា ឈាន​ដល់​ការ​រក​ដំណោះស្រាយ​។



Comments