ស្វែងយល់អំពីស្ថានភាពជនជាតិដើមកួយនៅកម្ពុជា



ស្វែងយល់អំពីស្ថានភាពជនជាតិដើមកួយនៅកម្ពុជា

ដោយ សុខ ម៉ូលីនណា

នៅកម្ពុជា "ជនជាតិដើមភាគតិច" ពុំទាន់មាននិយមន័យផ្លូវការណាមួយឡើយ។ ច្បាប់ និងគោលនយោបាយប្រើប្រាស់ពាក្យផ្សេងៗដូចជា 'សហគមន៍ជនជាតិដើមភាគតិច' 'ជនជាតិដើមភាគតិច' និង 'ប្រជាជននៅតំបន់ខ្ពង់រាប' ប៉ុន្តែពាក្យទាំងនេះពិពណ៌នាអំពីជនជាតិដើមភាគតិចដូចគ្នា។ 


យោងតាមជំរឿនឆ្នាំ ២០១៩ ជនជាតិដើមភាគតិច មានចំនួនប្រមាណជា ២០ ម៉ឺននាក់   ដែលប្រហែលនឹង ១.២% នៃប្រជាជនសរុប។ ក្រុមជនជាតិដើមភាគតិចទាំងនេះត្រូវបានកំណត់អត្តសញ្ញាណដោយភាសារបស់ពួកគេ។ ជនជាតិដើមភាគតិចទាំងនោះរួមមាន ប៊្រាឆុង ចារ៉ាយ កាចក កាវិត កែល កាំង  កួយ  គ្រឹង ព្នង ឡាអេន លន់ មីល ប៉ោ រ៉ាឌី សំរៃ សួយ ស្ពុង ស្ទៀង ថ្នម និងទំពួន។ 


ជនជាតិ​កួយ​រស់នៅ​ក្នុង​ប្រទេស​ចំនួន​បី​​ គឺ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ​ភាគខាងត្បូងនៃប្រទេសឡាវ និងតំបន់មួយចំនួននៃប្រទេសកម្ពុជា។  


 នៅក្នុងសៀវភៅរបស់លោក Diffloth Gérard «Kuay in Cambodia(ជនជាតិកួយក្នុងប្រទេសកម្ពុជា)” បានឱ្យដឹងថា ជនជាតិដើមកួយមានចំនួនប្រាំអំបូរ រួមមាន កួយអន្ទ័រ កួយអក កួយអឺ  និងកួយអន់រ័រ និង កួយម្លិះ ដែលមានទីតាំងនៅក្នុងខេត្តចំនួនបួន នៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គឺព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ គួរបញ្ជាក់ថា កួយ​អន្ទ័រ និង​កួយ​អន់រ័រ ជន​ជាតិ​ភាគ​តិច​កួយ​ទាំង​ពីរ​កាន់​សាសនា​ព្រះ​ពុទ្ធ​ដូច​ជន​ជាតិ​ខ្មែរ​ដែរ។ 

 

យោងតាមបទសម្ភាសន៍របស់អាស៊ីសេរីជាមួយអ្នក​ស្រី ងួន អ៊ីវ នាយិកា​អង្គការ​លើក​ស្ទួយ​វប្បធម៌​កួយ​ នៅ​ខេត្ត​ព្រះវិហារ បានឱ្យដឹងថា ​វប្បធម៌​អក្សរ​សាស្ត្រ​កួយ ​មិន​មាន​អក្សរ​សាស្ត្រ​ដើម​ទេ គឺ​និយាយ​ភាសា​កួយ ​តែ​សរសេរ​ខ្យល់​សំនៀង​ជា​ភាសា​ខ្មែរ ហើយ​ភាសា​កួយ​ ក៏​មាន​លាយ​ពាក្យ​ភាសា​ខ្មែរ​ដែរ។ ភាសាកួយទាក់ទងនឹងអម្បូរភាសាមន-ខ្មែរ សាខាកាទូ។ 


ទាក់​ទង​នឹង​ការ​និយាយ​ភាសា​កួយ​នេះ គេ​សង្កេត​ឃើញ​ថា ​មាន​ជនជាតិ​កួយ​វ័យ​ចំណាស់ ​នៅ​តាម​ភូមិ​នីមួយ​ៗ និយម​និយាយ​ភាសា​កំណើត​ខ្លួន​ច្រើន​នៅ​ឡើយ ជាក់​ស្ដែង​ដូច​ជា​ជន​ជាតិ​កួយ​នៅ​ភូមិ បុស្ស​ធំ ឃុំ​ពោធិ៍ ស្រុក​ត្បែង​មាន​ជ័យ ប្រើ​ភាសា​កួយ​សម្រាប់​ការសន្ទនា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។


យ៉ាងណាមិញ ​ការនិយាយភាសា​កួយ​ដើរតួនាទីសំខាន់​ណាស់ ដើម្បី​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​ជន​ជាតិនេះ ប៉ុន្តែយុវជនកួយ​សម័យ​បច្ចុប្បន្ន​ មិន​សូវ​និយម​និយាយ​ភាសា​ជនជាតិ​ដើម​របស់​ខ្លួនទេ ដែលការនេះ​កំពុងរួមចំណែក​ធ្វើឱ្យ​ការថែរក្សាអត្តសញ្ញាណ​វប្បធម៌​កួយ ប្រឈមនឹងការបាត់​បង់។ 

 

ជនជាតិកួយភាគច្រើន រស់នៅពឹងផ្អែកលើការធ្វើស្រែ ព្រមទាំងការចិញ្ចឹមសត្វដូចជាជ្រូក និងមាន់ និងការបរបាញ់តិចតួច ហើយមួយចំនួនតូច នៅអនុវត្តដំណាំព្រៃដុត។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលថ្មីៗនេះ ពួកគេពឹងផ្អែកខ្លាំងលើការដាំដុះស្រូវ។ សម្រាប់ជនជាតិកួយ ​ដែលរស់នៅក្នុង​ប្រទេស​កម្ពុជា ​និង​ថៃ មានជំនាញ និងសកម្មភាពលេចធ្លោពីរគឺ ការផលិតដែកសម្រាប់ក្រុម និង​ជំនាញទាក់ដំរីព្រៃក៏ដូចជាបង្វឹកដំរី។ នេះបើតាមអត្ថបទស្រាវជ្រាវរបស់បុរាណវិទូ គង់ វីរៈ ក្នុងសៀវភៅស្រាវជ្រាវ Towards an East Asia Community: Beyond Cross-Cultural Diversity (ឆ្ពោះទៅសហគមន៍អាស៊ីបូព៌ា៖ លើសពីភាពចម្រុះនៃវប្បធម៌)។ 


យោងតាមនរវិទូ អាំងជូលាន ថ្លែងក្នុងបទបាឋកថាស្ដីពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា»  បានឱ្យដឹងថា ជនជាតិកួយ ត្រូវបានគេកំណត់ថា ជាជនជាតិដែលមានទំនាក់ទំនងខ្លាំង ទៅនឹងរាជការខ្មែរសម័យបុរាណ។  សម័យបារាំងមានឯកសារនិយាយច្រើនពីជនជាតិមួយនេះ ហើយពួកគេបានលើកតម្កើងជនជាតិមួយនេះ ដោយមានជំនាញ និងទេពកោសល្យខាងវិជ្ជាស្លដែក ដ៏ប៉ិនប្រសព្វ។ 


Comments