យុវជន​និង​សារៈសំខាន់ក្នុងការចងក្រងភាពយន្តឯកសាររបស់​ជនជាតិ​ដើម​ភាគ​តិច

 


យុវជន​និង​សារៈសំខាន់ក្នុងការចងក្រងភាពយន្តឯកសាររបស់​ជនជាតិ​ដើម​ភាគ​តិច

ដោយ ថុន វាសនា

«យុវជនជនជាតិដើម» ជាស្នាដៃភាពយន្តឯកសាររបស់ផលិតករភាពយន្តវ័យក្មេង ជនជាតិដើមភាគតិចទំពូនបីរូប ដែលមានឆន្ទៈ និងគោលដៅរៀងៗខ្លួន ក្នុងការរំលេចនូវផ្ទាំងទស្សនីយភាព ដែលឆ្លុះបញ្ជាំងពីជីវភាពរស់នៅប្រចាំ និងតម្លៃផ្សេងៗគ្នានៃវប្បធម៌ប្រពៃណីក្នុងសហគមន៍របស់ខ្លួន។


ក្នុងចំណោមយុវជន៣០រូប ដែលបានចូលរួមគម្រោង «កសាងសមត្ថភាពយុវជនជនជាតិដើមភាគតិច និងបង្កើតបណ្ណសារសោតទស្សន៍ ជនជាតិដើមភាគតិចនៅកម្ពុជា» ជាការសហការគ្នារវាង មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ជាមួយអង្គការយូណេស្កូ ក្រោមជំនួយពីមូលនិធិ វីឌីមីឌៀ។


ក្នុងនោះមានតែផលិតករបីរូបប៉ុណ្ណោះ គឺ កញ្ញា ចេន សុជាតា លោក មឿន រ៉ាមុិច និង កញ្ញា ភោក រានី ដែលក្តាប់បានឱកាស ទទួលបានការចាក់បញ្ចាំងបង្ហាញស្នាដៃផលិតរបស់ខ្លួន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជូនដល់ទស្សនិកជន បានទស្សនាក្នុងកម្មវិធីរដូវវប្បធម៌លើកទីបី។ 


 «ទ្រឃ្លោក» ជាស្នាដៃភាពយន្តឯកសាររបស់កញ្ញា ចេន សុជាតា ដែលរៀបរាប់ពីអត្ថន័យយ៉ាងជ្រាលជ្រៅរបស់តន្ត្រី នៅក្នុងសហគមន៍ជនជាតិដើមរបស់ខ្លួន។ ឧបករណ៍ភ្លេងនេះ គឺត្រូវបានប្រើប្រាស់ច្រើនផ្នែក ដូចជាលេង ដើម្បីការកម្សាន្ត នៅក្នុងពិធីបុណ្យ ពិធីសែនព្រេន ព្រមទាំងពិធីផ្សេងៗទៀត។ ឧបករណ៍ទ្រឃ្លោកនេះ អាចប្រើប្រាស់ជាមួយនឹងឧបករណ៍ផ្សេងទៀតសម្រាប់ធ្វើការប្រគំដើម្បី ក្លាយទៅជាតន្ត្រីសម្រាប់អ្នករបាំ រាំនាឱកាសពិធីមង្គលការ ពិធីបុណ្យផ្សេងៗផងដែរ។ 


ការចាប់អារម្មណ៍ទៅលើការសិក្សាពីបច្ចេកទេសនៃការផលិតភាពយន្តឯកសារ និងគោលបំណងចង់ឈ្វេងយល់ ពីអត្តសញ្ញាណនៃសហគមន៍របស់ខ្លួ​នឱ្យកាន់តែច្បាស់ ​ជាមូលហេតុចម្បងដែលជម្រុញឱ្យយុវត្តីរូបនេះ ផលិតឯកសារនេះឡើង «​ខ្ញុំចាប់អារម្មណ៍​ទៅលើ​ការសិក្សា​ពី​បច្ចេកទេស​នៃ​ការផលិត​ភាពយន្តឯកសារ ហើយ​ចង់​បង្កើន​ទំនាក់ទំនង​កាន់តែល្អបន្ថែម​ទៀត​ជាមួយ​សហគមន៍ខ្ញុំ​។»


ឱកាសនេះ មិនត្រឹមតែអាចជួយឱ្យផលិតករវ័យក្មេងរូបនេះ  អាចពង្រឹងសមត្ថភាពបច្ចេកទេសរបស់ខ្លួនក្នុងការផលិត

និងបង្កើនទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងសហគមន៍របស់ខ្លូនប៉ុណ្ណោះទេ ។ ប៉ុន្តែវាជាការ សាយភាយនូវចំណេះដឹង ពីជ្រុងមួយនៃសហគមន៍របស់ខ្លួនទៅកាន់អ្នកទស្សនា។


បន្ថែមពីនេះទៀត យុវតីរូបនេះបានបញ្ជាក់ថា ថ្វីដ្បិតតែសព្វថ្ងៃមានប្រព័ន្ធផ្សព្វផ្សាយ មានច្រើនទម្រង់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទាំងនោះ គឺមិនទាន់មានមូលដ្ឋានគ្រឹះនៃបច្ចេកទេសត្រឹមត្រូវ និងមានការទទួលស្គាល់ដូចនៅវិស័យភាពយន្តឡើយទេ។ ហេតុនេះ វាជាឱកាសដ៏ល្អសម្រាប់ខ្លួន ក្នុងការពង្រីកចំណេះដឹង និងបង្កើតស្នាដៃថ្មីៗ ដែលមានគុណភាព និងតម្លៃអប់រំ។


ស្រដៀងនឹងគ្នានេះដែរ លោកមឿន រ៉ាម៉ិច ជាយុវជន ជនជាតិដើមភាគតិចទំពួន ដែលមកពីខេត្តរតនគិរីដូចគ្នា បានរៀបរាប់យ៉ាងច្បាស់ៗថា មូលហេតុដែលខ្លួនចង់ចូលរួមក្នុងគម្រោងមួយនេះ គឺការចងក្រងឯកសារ ដែលទាក់ទងទៅនឹងវប្បធម៌ជាភាសាដើមរបស់ជនជាតិខ្លួន។ 


ការធ្លាក់ចុះនៃការប្រើប្រាស់ភាសាដើមនៅក្នុងសហគមន៍ និងកង្វះការយកចិត្តទុកដាក់ ថែរក្សាអភិរក្សភាសាដើម គឺជាចលករសំខាន់​ ដែលធ្វើឱ្យយុវជនរ៉ាមុិច ចង់ចងក្រងឯកសារទាំងនេះឡើង។


យុវជនរូបនេះយល់ថា «បើយើងមិននិយាយភាសារបស់ខ្លួនឯង នោះប្រៀបដូចជាយើងមិនឲ្យតម្លៃខ្លួនឯង និងសហគមន៍របស់យើងដែរ» ។


រ៉ាមុិច បានផលិតភាពយន្តឯកសារក្រោមចំណងជើងថា «ដំណក់ទឹក» ដែលតំណាងឱ្យស្រាពាង ដើម្បីយកម​ករំលេចនូវវប្បធម៌ និងភាសាដើមរបស់ខ្លូន។ ស្រាពាងជា ផ្នែកមួយយ៉ាងសំខាន់ សម្រាប់ជនជាតិដើមភាគតិចទំពួន ហើយវាត្រូវបានយកមកប្រើប្រាស់ក្នុងពិធីសំខាន់ៗ ដូចជា មុនសម្រាល និងក្រោយសម្រាលកូន សម្រាប់ពិធីបង្កក់កូន និងពិធីការបន់ស្រន់សំខាន់ផ្សេងទៀត របស់សហគមន៍ជនជាតិដើមភាគតិចទំពួន។ 


ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រពៃណីនៃការធ្វើស្រាពាង បានចាប់ផ្តើមបាត់បង់បន្តិចៗម្តង ហើយការផលិតក៏មានធ្លាក់ចុះច្រើន។ 


«ការធ្វើស្រាពាងនេះមិនសូវជាមានមនុស្សដែលធ្វើទេ នៅភូមិរបស់ខ្ញុំ គឺនៅតែអ្នកម្ដាយរបស់ខ្ញុំតែម្នាក់តែប៉ុណ្ណោះ ដែលគាត់នៅតែផលិតស្រាពាងនេះ។»


សម្រាប់រ៉ាមិច យល់ឃើញថា ការចងក្រងទុកជាឯកសារមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សជំនាន់ក្រោយ។  «ដូច្នេះហើយ ខ្ញុំចង់ផលិតជាឯកសារនេះឡើង ដើម្បីបានបង្ហាញពីរបៀបនៃការផលិតស្រាពាងថា មានគ្រឿងផ្សំអ្វីខ្លះ ហើយមានតំណមអ្វីខ្លះពេលដំណើរការផលិតស្រាមួយនេះ។» 


ចំណែកឯស្នាដៃទីបី «ចម្លើយ» ត្រូវបានចងក្រងឡើងដោយកញ្ញា ភោក រានី ដែលឆ្លុះបញ្ចាំងពីតថភាព បញ្ចាំងពីសហគមន៍របស់ខ្លួន ក្នុងការចូលចិត្តឱ្យកូនស្រីរៀបការទាំងវ័យក្មេង។ តាមរយៈឯកសារភាពយន្តនេះ អ្នកទស្សនានឹងយល់កាន់តែច្បាស់ពីបរិបទនៃវប្បធម៌សហគមន៍ជនជាតិទំពូន និងបញ្ហាប្រឈម កំពុងជួបប្រទះផងដែរ។

​ 

លោក ជា សុភាព នាយកប្រតិបតិ្តរបស់មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ដែលជាស្ថាប័ន ដឹកនាំវគ្គផលិត​ភាពយន្ត​ឯកសារ​នេះ បានលើកឡើងថា៖ «ភាសាជាអត្តសញ្ញាណមួយនៃជាតិសាសន៍នោះ ប្រសិនបើបាត់ភាសា វាហាក់ដូចជាបាត់ជាតិសាសន៍មួយនោះ អញ្ចឹងបើទោះបីជាគាត់មានឈាមជ័រជា ជាតិសាសន៍នោះក៏ដោយ។» 


វិស័យឌីជីថលមីឌា បានដើរតួយ៉ាងសំខាន់សម្រាប់មនុស្សទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះ ការបង្រៀនឲ្យយុវជនចេះប្រើប្រាស់នូវ ឌីជីថលមីឌា អាចបង្កើតឱ្យមានភាពងាយស្រួលក្នុងការផ្ដល់ចំណេះដឹង ក៏ដូចជាចែករំលែកនូវព័ត៌មានសំខាន់ៗទាក់ទងនឹងវប្បធម៌ប្រពៃណី ភាសា និងរឿងរ៉ាវផ្សេងទៀតទៅកាន់ មនុស្សទូទៅ យ៉ាងឆាប់រហ័ស ទាំងក្នុង និងក្រៅប្រទេស។ 


ជាពិសេស វាជាគម្រូមួយដែលអាចបង្ហាញទៅកាន់យុវជនជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សនូវប្រពៃណីវប្បធម៌របស់ពួកគេ និងការទទួលស្គាល់ខ្លួននូវអត្តសញ្ញាណរបស់ខ្លួនផងដែរ។ 


សម្រាប់ សុខជាតាវិញ នាងយល់ឃើញថា វាគឺជារឿងសំខាន់ដែលយើងត្រូវបង្ហាញអត្តសញ្ញាណរបស់ខ្លួន និងចេះបង្ហាញពីតម្លៃវប្បធម៌របស់ខ្លួន «បើយើងមិនទទួលស្គាល់ខ្លួនឯងនោះ នឹងមិនមាននរណាម្នាក់ ដែលគេទទួលស្គាល់យើង ហើយឲ្យតម្លៃ យើងនោះឡើយ។»


ទស្សនិកជនអាចនឹងទស្សនាកម្រងស្នាដៃភាពយន្តឯកសារទាំងបីនេះបាន នៅលើគេហទំព័ររបស់ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នាពេលឆាប់ៗនេះ៕


Comments