«យុវជន និងសម្ពាធផ្លូវចិត្តក្នុងយុគសម័យឌីជីថល»

«យុវជន និងសម្ពាធផ្លូវចិត្តក្នុងយុគសម័យឌីជីថល»

ការស្គាល់ច្បាស់ពីតម្លៃនៃដំណើរជីវិតខុសៗគ្នារបស់មនុស្សម្នាក់ៗ និងយកចិត្តទុកដាក់ពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាគន្លឹះសំខាន់ក្នុងរស់នៅដោយមានន័យ និងភាពរីករាយ ។

សម្ពាធផ្លូវចិត្ត ជាបញ្ហាប្រឈមមួយនៅក្នុងវាលវដ្តសង្សា ដែលមនុស្សគ្រប់រូបមិនអាចជៀសផុត។ ជាពិសេសលើយុវវ័យ ដែលស្ថិតក្នុងដំណាក់កាល​មួយនៃជីវិត ​ដែល​មានការ​ផ្លាស់ប្ដូរ​ច្រើន ទាំង​ផ្នែក​រូបរាងកាយ ប្រាជ្ញា និង​ស្មារតី។ ការផ្លាស់ប្ដូរ​ទាំងនេះ ធ្វើ​ឱ្យ​យុវជន​ងាយ​ប្រឈម​នឹង​ សម្ពាធ​ជាច្រើន​នៅក្នុង​ការសិក្សា ឬ ការងារ រួម​ទាំង​សម្ពាធ​ពី​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​សង្គម។


តាមរយៈស្ថានភាពជាក់ស្តែងនៅក្នុងសង្គមនេះ កម្មវិធីរដូវវប្បធម៌ក្នុងឆ្នាំ២០២២ បានធ្វើការឆ្លុះបញ្ច្ចាំងពីលំនាំបញ្ហាមួយ តាមរយៈល្ខោននិយាយ «ផ្ទះកសិដ្ឋានធម្មជាតិ» ដែលលើកឡើងនូវបញ្ហាពិតៗ និងសម្ពាធផ្លូវចិត្ត ដែលយុវវ័យច្រើនជួបប្រទះដោយមិនដឹងខ្លួ​ន នៅក្នុងសម័យឌីជីថល។


សម្ពាធ​ផ្លូវចិត្ត អាចកើតឡើង​ពីកត្តាជាច្រើន។ ជាពិសេស ទម្លាប់នៃការប្រៀបធៀបខ្លួនជាមួយអ្នកដទៃ និង ការ​​បរាជ័យ​ជាឬសគល់នៃបញ្ហាដែលធ្វើឱ្យមនុស្សងាយបាក់ទឹកចិត្ត។ បុគ្គល​ដែល​មាន​វិបត្តិ​នេះ ទទួល​បាន​អារម្មណ៍​នៃ​ឥទ្ធិពល ​អវិជ្ជមាន​នៅ​ជុំវិញ​ខ្លួន ហើយ​មាន​ភាព​អសកម្ម​ក្នុង​ការ​បំពេញ​មុខ​ងារ​ប្រចាំថ្ងៃ និង​ការបាត់បង់​ចំណាប់​អារម្មណ៍​ចំពោះ​ការចូលរួម​សកម្ម​ភាព​ផ្សេងៗ។ 


បូកផ្សំនឹងការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ បាន​ជំរុញ​ឱ្យ​យុវវ័យ​ចំណាយ​ពេល​វេលា​ជាច្រើន​របស់​ពួក​គេ​ លើ​បណ្ដាញ​សង្គម។ ប្រសិនបើ​យើង​សង្កេតមើល​ជាក់ស្ដែង បណ្តាញ​សង្គម​ប្រៀប​បាន​ដូចជា ​ឧបករណ៍​មួយ ​សម្រាប់​មនុស្ស​ប្រើប្រាស់ក្នុងការទំនាក់ទំនង ប៉ុន្តែវាជាអាវុធមុខពីរដែលអាចផ្តល់ ទាំង​ផល​ល្អ​ និង​ផល​អាក្រក់។ ហើយវាអាស្រ័យ​លើ​បុគ្គលម្នាក់ៗ ក្នុងការប្រើប្រាស់បណ្តាញ ទាំងនោះឱ្យបានត្រឹមត្រូវ។ 


ជាហេតុក្នុង​សម័យ​ឌីជីថល​នេះ យុវជន​កម្ពុជា​ភាគច្រើន​កំពុង​ប្រឈម​នឹង​វិបត្តិ​ផ្លូវចិត្ត ដោយសារ​ក្ដី​បារម្ភ​ចម្បង​ជុំវិញ ​បញ្ហា​មួយ​ចំនួន​រួមមាន បញ្ហា​ការ​ងារ និង​ជាពិសេស ​ការ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ​ និងតួអង្គនៅក្នុងបណ្តាញសង្គម។ 


ក្នុង​វ័យ​ដែល​ពោរពេញ​ដោយ​សម្ពាធ​ជុំវិញ​ខ្លួន យុវជន​មិន​តិច​ទេ ដែល​ខំប្រឹង​ប្រែង​ធ្វើការ​ដើម្បី​ឡើង​តំណែង ឡើងប្រាក់ខែ​ និង​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បង្អួត​សម្ភារៈនិយម​ប្រើ​ប្រាស់​ថ្លៃ​ៗ ជីវិត​ហ៊ឺហា​រ និង​ជោគជ័យ​ក្នុងជីវិតការងារ។ ការ​ខំប្រឹង​ប្រែងទាំង​ភ្លេចខ្លួន និង​ទម្លាប់​នៃ​ការ​ប្រៀបធៀប​ខ្លួន ឯង​ជាមួយ​អ្នកដទៃ ​អាច​ក្លាយ​ជា​ជំងឺ​តាម​ព្យាបាទ​ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ ដោយធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ស្វែងរក​តម្លៃពិតសម្រាប់ជីវិតរបស់ខ្លួន និងរស់នៅដោយក្តីរីករាយ។ មនុស្ស​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នកដទៃ​លើ​បណ្ដាញ​សង្គម ហើយ​ជា​រឿយៗ​នាំ​ឱ្យ​មានការ​អារម្មណ៍​អវិជ្ជមាន និង​ភាព​តានតឹង​លើ​ខ្លួនឯង។ 


ការ​ចំណាយ​ពេល​ច្រើន​មើល​ជីវិត​អ្នកដទៃ ហើយ​ធ្លាក់ចូលទៅ​ក្នុងរណ្តៅនៃ​បណ្ដាញ​សង្គម ​អាចធ្វើឱ្យមនុស្ស​ មិនអាចមើលឃើញច្បាស់ពីតម្លៃនៃទំនាក់ទំនង​ទៅកាន់​សង្គមខាងក្រៅពិត។ ពេលខ្លះ ​ការ​ផ្ញើ​​សារ​សួរសុខទុក្ខ​ និងចំនួន​បញ្ចេញមតិ​លើ​រូបនៅបណ្តាញសង្គម  មិនមែនដែល​ជា​មិត្ត​យល់ចិត្ត​បំផុត ដែលអាច​ចែករំលែក​រឿងរ៉ាវ​ក្នុង​ចិត្ត​ និង​ជួយ​បន្ធូរ​សម្ពាធ​ផ្លូវចិត្ត​បាននោះទេ។


ការ​គ្រប់គ្រងខ្លួនឯង ក្នុងការប្រើប្រាស់បណ្តាញសង្គមដោយភាពឈ្លាសវៃ និង​ការរក្សាទំនាក់ទំនងមិត្តភក្កិល្អៗ អាចជួយកាត់បន្ថយការតានតឹង និងសម្ពាធផ្លូវចិត្ត នៅពេលដែលអ្នកមានបញ្ហា។ ការលោភលន់ចង់បាន​លុយកាក់ ទ្រព្យសម្បត្តិ សម្ភារៈ​មានតម្លៃ អំណាច ភាព​ល្បីល្បាញ សម្រស់​និង​យុវវ័យ ​ដែល​ខុសពីធម្មជាតិ និងសមត្ថភាពខ្លួន គឺជាសេចក្តីសុខបណ្តោះអាសន្នតែប៉ុណ្ណោះ។


ដោយឡែក ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស គឺជា​ការ​ផ្លាស់​ប្ដូរ​ថាមពល​រវាង​ខ្លួន​យើង ​និង​អ្នកដទៃ​ដោយ​ផ្ទាល់ កាលណា​បុគ្គល​ទាំងសងខាង​បាន​ទទួល​ថាមពល​នោះ ហើយ​មាន​អារម្មណ៍​ថា ទទួល​បាន​សេចក្ដី​ស្រឡាញ់ ការយល់​ចិត្ត ការ​ស្ដាប់ និង​មាន​ពេលវេលា​សម្រាប់​គ្នា​ទៅវិញទៅមក។ ពេលវេលា​នោះ​នឹង​ជម្រុញ​ឱ្យ​មានការ​ផ្លាស់ប្ដូរ និង​ទំនុក​ចិត្ត​រវាង​គ្នានឹងគ្នា។


ជាធម្មតា ​រឿង​ខ្លះ​មិន​អាច​ដេក​គិត​ដោះស្រាយ​ដោយខ្លួនឯង​បាន​ឡើយ។ នៅពេលដែលអ្នកមានបញ្ហាមិនអាចដោះស្រាយបាន អ្នកមិនគួរសំងំអោបទុក្ខព្រួយតែម្នាក់ឯងនោះទេ  ព្រោះវា​អាច​នាំ​ឱ្យ​អ្នក​ធ្លាក់​ក្នុង​វិបត្តិ​ផ្លូវចិត្ត​បាន​យ៉ាង​លឿន។ ​ប្រសិន​បើមាន​នរណា​ម្នាក់ ដែល​អាច​ផ្សារភ្ជាប់​ទំនាក់ទំនង​ពិតប្រាកដ វា​អាច​ជួយ​ដក​សម្ពាធ​ដែល​មាននៅ​ក្នុង​ចិត្ត​ឱ្យ​ធូរស្រាល​ជាង​មុន អារម្មណ៍​ស្រឡាញ់​ និងទំនាក់ទនងនេះ គឺជា​សេចក្ដី​ត្រូវការ​របស់​មនុស្ស​គ្រប់គ្នា។


Comments